អំឡុងកិច្ចប្រជុំជាមួយព្រះមហាក្សត្រហូឡង់ Willem-Alexander នៅទីក្រុងឡាអេ ប្រទេសហូឡង់ ឧបនាយករដ្ឋមន្ត្រីចិន លោក Ding Xuexiang បានលើកឡើងថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ដើម្បីលើកកម្ពស់ការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយថា ទីក្រុងប៉េកាំងនឹងធ្វើការរួមគ្នា ដើម្បីរក្សាស្ថិរភាព និងភាពរលូននៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។
កិច្ចប្រជុំនេះត្រូវបានរាយការណ៍ដោយក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមករា) នេះ។ ជំនួបនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលហូឡង់ បានប្រាប់ថា ខ្លួននឹងពង្រីកការត្រួតពិនិត្យការនាំចេញលើឧបករណ៍បន្ទះអេឡិចត្រូនិកកម្រិតខ្ពស់ ចាប់ពីថ្ងៃទី១ ខែមេសា។
ការតម្រូវឲ្យមានអាជ្ញាប័ណ្ណនាំចេញជាតិរបស់ប្រទេសហូឡង់ ចំពោះឧបករណ៍បន្ទះអេឡិចត្រូនិក ត្រូវបានណែនាំជាលើកដំបូង ក្នុងឆ្នាំ២០២៣ ក្រោមការដាក់សម្ពាធពីសហរដ្ឋអាមេរិក ដើម្បីឲ្យកម្រិតការនាំចេញទៅកាន់ប្រទេសចិន ហើយការអនុវត្តនោះត្រូវបានបន្លាយពេលជាច្រើនដង។
លោក Ding បាននិយាយថា ទោះបីជាស្ថានភាពអន្តរជាតិប្រែប្រួលក៏ដោយ ក៏ទំនាក់ទំនង រវាងហូឡង់ និងចិន តែងតែរក្សាបាននូវសន្ទុះដ៏ល្អជាប់ជានិច្ច។
លោក Ding បានប្រាប់ថា៖ «ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយប្រទេសហូឡង់ ដើម្បីលើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ហើយនិងជំរុញការអភិវឌ្ឍជាបន្តបន្ទាប់នៃភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយប្រកបដោយភាពបើកចំហ និងប្រាកដនិយម»។
លោក Ding បានសង្កត់ធ្ងន់ថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយប្រទេសហូឡង់ ដើម្បីរួមគ្នា «រក្សាស្ថិរភាព និងភាពរលូននៃផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល»៕