ប្រភពពីរដ្ឋាភិបាលហ្វីលីពីន បាននិយាយថា យោធាសហរដ្ឋអាមេរិក បានដាក់ពង្រាយជើងទម្របាញ់បង្ហោះប្រព័ន្ធមីស៊ីល Typhon របស់ខ្លួន ដែលអាចបាញ់មីស៊ីលចម្ងាយរាប់ពាន់គីឡូម៉ែត្រពីអាកាសយានដ្ឋាន Laoag ក្នុងប្រទេសហ្វីលីពីន ទៅកាន់ទីតាំងមួយផ្សេងទៀតទៅនៅលើកោះ Luzon។

មីស៊ីលតម្រង់គោលដៅ Tomahawk នៅក្នុងជើងទម្របាញ់បង្ហោះនោះ អាចបាញ់ដល់គោលដៅទាំងក្នុងប្រទេសចិន និងរុស្ស៊ី ពីប្រទេសហ្វីលីពីន។ មីស៊ីល SM-6 ដែលជើងទម្រនោះផ្ទុក ក៏អាចវាយប្រហារលើគោលដៅក្នុងអាកាស ឬសមុទ្រ បានចម្ងាយជាង ២០០គីឡូម៉ែត្រ។

ប្រភពជាន់ខ្ពស់របស់រដ្ឋាភិបាលហ្វីលីពីន បាននិយាយថា ការដាក់ពង្រាយឡើងវិញនេះនឹងអាចជួយកំណត់ថា តើកន្លែងណា និងលឿនកម្រិតប៉ុណ្ណា ដែលជើងទម្របាញ់មីស៊ីលនេះអាចផ្លាស់ទីទៅទីតាំងថ្មី។ ការចល័តនោះត្រូវបានគេមើលឃើញថាជាមធ្យោបាយមួយដើម្បីធ្វើឱ្យគ្រឿងយុទ្ធោបករណ៍អាចមានឱកាសរស់បានកាន់តែយូរក្នុងអំឡុងពេលមានជម្លោះ។
ប្រព័ន្ធមីស៊ីល Typhon គឺជាផ្នែកមួយនៃការជំរុញរបស់អាមេរិក ដើម្បីប្រមូលអាវុធប្រឆាំងនាវាជាច្រើនប្រភេទនៅអាស៊ី។ សព្វាវុធនេះបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន នៅពេលដែលវាត្រូវបានដាក់ពង្រាយជាលើកដំបូងនៅក្នុងខែមេសា ឆ្នាំ២០២៤ ក្នុងអំឡុងពេលសមយុទ្ធហ្វឹកហាត់មួយ៕
