នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣។
របៀបវារៈទាំង៣នោះរួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ។ ២-សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ ៣-របាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។
មុននឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងសម្រាប់ឆ្នាំ២០២៥នាព្រឹកនេះសម្ដេចធិបតី នាយករដ្ឋមន្ត្រីបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធដល់សហភាពសហពន្ធ័យុវជនកម្ពុជា (ស.យ.ក) ក្នុងការប្រារព្ធពិធីរៀបចំព្រឹត្តិការណ៍សាទរកម្ពុជា ប្រកបដោយជោគជ័យ និងមោទនភាព។ សម្ដេចនាយករដ្ឋមន្រ្ដី បានលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍បែបនេះដើម្បីលើកកម្ពស់មោទនភាពជាតិ អរិយធម៌វប្បធម៌សម្បូរបែប និងយូរអង្វែងរបស់កម្ពុជាទៅកាន់ពិភពលោក និងជាគុណប្រយោជន៍ដល់វិស័យទេសចរណ៍កម្ពុជា។
សម្ដេចបានបន្តថា ទោះបីកម្ពុជាជួបប្រទះនូវបញ្ហាប្រឈមជាច្រើននៅឆ្នាំ២០២៤ទាំងផ្ទៃក្នុង និងក្រៅប្រទេសរួមទាំងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ក្រុមជ្រុលនិយមក្នុងព្រឹត្តិការណ៍ ថ្ងៃ ១៨ សីហា ក៏ដូចជាការវិវត្តស្មុគស្មាញប្រកបដោយគ្រោះថ្នាក់នៃសភាពការណ៍នៅក្នុងតំបន់និងអន្តរជាតិ ទោះយ៉ាងនេះក្តីក៏រាជរដ្ឋាភិបាលជម្នះបានប្រកបដោយផ្លែផ្កានូវសមិទ្ធផលផ្សេងៗសម្រាប់ប្រជាពលរដ្ឋក្នុងនោះបន្តរក្សាបាននូវស្ថិរភាពនយោបាយអធិបតេយ្យភាពកម្ពុជា បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមព្រមទាំងបានធានានូវម៉ាក្រូសេដ្ឋកិច្ចយ៉ាងប្រសើរ។
សម្ដេចធីបតីមានប្រសានស៍ថា ជារួមអាចនិយាយបានថា ឆ្នាំ២០២៣ និង ឆ្នាំ២០២៤ ជាដំណាក់កាលនៃការចាប់ផ្ដើមដោយអនុវត្តនូវវិធាន គន្លឹះ៥ នៅក្នុងវិស័យជាអាទិភាពដូចជាវិស័យរដ្ឋបាលសាធារណៈ អប់រំ សុខាភិបាល យុត្តិធម៌ និងភូមិឃុំមានសុវត្តិភាព ក៏ដូចជាការអនុវត្តកម្មវិធីសកម្មភាពអាទិភាពជាក់ស្តែង នៅលើសមរភូមិ ផ្ទាល់ ដូចជាការផ្ដោតលើ ការប្រែប្រួលនៃបរិយាកាសវិនិយោគ និងកិច្ចការជាច្រើនផ្សេងៗទៀត ។
សម្រាប់ដំណាក់កាលបន្ទាប់ឆ្នាំ ២០២៥ -២០២៦ មានកិច្ចការមួយចំនួនដែលត្រូវធ្វើដើម្បីបន្តក្នុងគោលដៅទី១ សម្រួចគោលដៅនយោបាយអោយកាន់តែមាន សាកសិទ្ធិភាព ទី២ ការពង្រឹងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព ទី៣ការបង្កើនអភិបាលកិច្ចកាន់តែប្រសិទ្ធភាព។
សម្ដេចបានបន្តថា ផ្អែកលើបទពិសោធន៍ឆ្នាំ២០២៣ និង២០២៤ និងឈរលើទស្សនៈវិស័យសម្រាប់ឆ្នាំ២០២៥ -២០២៦។ ឆ្នាំ២០២៥នេះជាឆ្នាំសំខាន់ ប៉ុន្តែរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាកំពុងឈានឆ្ពោះទៅពាក់កណ្តាលអាណត្តិរបស់ខ្លួននឹងត្រូវបន្តដំណើរទៅមុខកាន់តែស្វាហាប់ និងកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាពដើម្បីបង្កើតស្នាដៃតាមរយៈការបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតនៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបទៅដោយសមធម៌ ភាពធន់ ចីរភាព និងបរិយាបន្ន៕

















