អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានថា អ៊ីស្រាអែលអាច នឹងឆក់ឱកាសដើម្បីដាក់បញ្ចូលតំបន់ West Bank ជាឧបសម្ព័ន្ធ។

ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស លោក Antonio Guterres បាននិយាយថា មានហានិភ័យដែលអ៊ីស្រាអែលនឹងមានអារម្មណ៍ថានេះគឺជាពេលវេលាដើម្បីដាក់បញ្ចូលតំបន់ West Bank ជាឧបសម្ព័ន្ធរបស់ខ្លួន និងរក្សាតំបន់ហ្កាហ្សា ស្ទ្រីប ឱ្យស្ថិតក្នុងស្ថានភាពវឹកវរ។

លោកបានបន្ថែមថា វាច្បាស់ណាស់សម្រាប់រូបលោក អ៊ីស្រាអែល មិនចាប់អារម្មណ៍ជាមូលដ្ឋានលើហ្កាហ្សាទេតែទៅលើតំបន់ West Bank។

ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានលើកសរសើរលោក Donald Trump ដែលបានជួយទទួលបានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅដែនដីហ្កាហ្សា។
ការព្រមានរបស់ប្រមុខអង្គការសហប្រជាជាតិ អំពីផែនការដាក់បញ្ចូលជាឧបសម្ព័ន្ធនេះ បានកើតឡើង ទន្ទឹមនឹងយោធាអ៊ីស្រាអែល បានបន្តបង្រ្កាបក្រុមភេរវករ នៅទីក្រុង Jenin ភាគខាងជើងក្នុងតំបន់ West Bank កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយបានបណ្តាលឲ្យមនុស្សជាង១០នាក់ ស្លាប់ និងមួយចំនួនរងរបួស និងជាច្រើនរយនាក់ភៀសខ្លួនចេញពីផ្ទះសម្បែង នេះបើយោងតាមក្រសួងសុខាភិបាល របស់អាជ្ញាធរប៉ាឡេស្ទីន (PA's)៕
“