ដោយកាលកំណត់រយៈពេល ៦០ថ្ងៃរបស់អ៊ីស្រាអែលក្នុងការដកកងទ័ពចេញពីទឹកដីលីបង់ ជិតដល់ទីបញ្ចប់ហើយនោះ ក្រុមហេសបូឡាកាលពីថ្ងៃព្រហស្បតិ៍ បានព្រមានប្រឆាំងនឹងការពន្យារពេលណាមួយនិងទាមទារឲ្យមានការអនុលោមពេញលេញជាមួយនឹងកិច្ចព្រមព្រៀងបទឈប់បាញ់នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមនេះ បានសង្កត់ធ្ងន់ថា ការដកកងទ័ពចេញ ត្រូវតែបញ្ចប់ដោយគ្មានករណីលើកលែង។
ដោយនិយាយទៅកាន់របាយការណ៍ដែលអ៊ីស្រាអែលអាចស្វែងរកការបន្តវត្តមានរបស់ខ្លួន នៅក្នុងប្រទេសលីបង់ ក្រុមហេសបូឡា បានជំរុញរដ្ឋាភិបាលលីបង់ដាក់សម្ពាធលើអ្នកគាំទ្រកិច្ចព្រមព្រៀងនេះ ឲ្យធានាថា កាលបរិច្ឆេទផុតកំណត់ ត្រូវបានបំពេញ។ ក្រុមនេះ បានអំពាវនាវឲ្យមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ទៅលើដំណាក់កាលចុងក្រោយនៃការដកទ័ពចេញ ការដាក់ពង្រាយពេញលេញនៃកងទ័ពលីបង់ និងការវិល ត្រឡប់យ៉ាងឆាប់រហ័សនៃអ្នកផ្លាស់ទីលំនៅ។ ក្រុមនេះ ក៏បានព្រមានប្រឆាំងនឹងការអនុញ្ញាតឲ្យមានលេសណាមួយ ដើម្បីពន្យារការកាន់កាប់នៅក្នុងប្រទេសលីបង់។
ក្រុមហេសបូឡា បានសង្កត់ធ្ងន់ថា ការខកកាលបរិច្ឆេទកំណត់ នឹងជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀង និងការរំលោភលើអធិបតេយ្យភាពលីបង់។ ក្រុមបានព្រមានថា ចំណាត់ការបែបនេះ នឹងបង្ហាញពីដំណាក់កាលថ្មីនៃការកាន់កាប់ ដោយទាមទារឲ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីរដ្ឋលីបង់ ដោយប្រើវិធានការទាំងអស់ដែលត្រូវបានអនុញ្ញាត នៅក្រោមច្បាប់អន្តរជាតិ។