នាវិកជនជាតិប៊ុលហ្គារី ២នាក់បានវិលត្រលប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេល ១៤ខែដោយក្រុមដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ គឺក្រុមហ៊ួទីរបស់ប្រទេសយេម៉ែន ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារ និងមន្ត្រីរដ្ឋាភិបាល នៅឯអាកាសយានដ្ឋាន Sofia កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមករា)។

ពួកគេ គឺស្ថិតនៅក្នុងចំណោមនាវិកអន្តរជាតិដែលមានសមាជិក ២៥នាក់របស់នាវា Galaxy Leader ដែលក្រុមហ៊ួទីបានរឹបអូសពីសមុទ្រក្រហមរបស់យេម៉ែន កាលពីជាង ១ឆ្នាំមុន។
បើយោងតាមទូរទស្សន៍ Al Masirah ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ួទី បានឲ្យដឹងថា ពួកគេត្រូវបានដោះលែងកាលពីថ្ងៃពុធ (ទី២២ ខែមករា) ហើយបានប្រគល់ទៅឲ្យប្រទេសអូម៉ង់ បន្ទាប់ពីមានបទឈប់បាញ់រយៈពេល ៣ថ្ងៃ ក្នុងសង្គ្រាម នៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។
គួរបញ្ជាក់ថា ក្រុមហ៊ួទីបានធ្វើការវាយប្រហារច្រើនជាង ១០០លើកលើកនាវាដែលកំពុងធ្វើដំណើរ នៅសមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយប្រាប់ហេតុផលថា ពួកគេកំពុងធ្វើសកម្មភាព ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ប្រឆាំងនឹងសង្គ្រាមដ៏បំផ្លិចបំផ្លាញទាំងផ្លូវអាកាស និងផ្លូវគោករបស់អ៊ីស្រាអែលទល់នឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ ពួកគេបានពន្លិចនាវាចំនួន ២គ្រឿង រឹបអូសបាន ១គ្រឿង និងបានសម្លាប់អ្នកដើរតាមនាវាយ៉ាងតិច ៤នាក់៕

