នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយ នៅថ្ងៃសុក្រ (ទី២៤ ខែមករា) នេះ មន្ត្រីសន្តិសុខរុស្ស៊ី លោក Sergei Shoigu បានព្រមានថា លទ្ធភាពប៉ះទង្គិចគ្នាដោយអាវុធ រវាងមហាអំណាចនុយក្លេអ៊ែរ កំពុងមានខ្ពស់ឡើងៗជាលំដាប់។
លោក Shoigu ដែលជាលេខាធិការក្រុមប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតី លោក Vladimir Putin បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា៖ «ដោយយោងទៅលើបរិបទនសការកើនឡើងនូវជម្លោះ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងក្លាឡើងៗ នៅលើពិភពលោក លទ្ធភាពនៃការប៉ះទង្គិចគ្នា ដោយហិង្សា រវាងរដ្ឋសំខាន់ៗ ក្នុងនោះរួមទាំងការចូលរួមពីមហាអំណាចនុយក្លេអ៊ែរផងដែរ កំពុងមានខ្ពស់ឡើងៗជាលំដាប់»។

អតីតរដ្ឋមន្ត្រីការពារជាតិរូបនេះ បានបន្ថែមថា អង្គការណាតូ កំពុងបង្កើនសកម្មភាពនៅផ្នែកដែនដីភាគខាងកើតរបស់ខ្លួន ក្បែរប្រទេសរុស្ស៊ី និងបេឡារុស ហើយបានធ្វើសមយុទ្ធវាយលុក ព្រមទាំងសេណារីយ៉ូការពារ នៅទីនោះ។
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) លើកឡើងថា គឺប្រទេសរុស្ស៊ីដែលកំពុងបង្កើនភាពតានតឹង ក្នុងនោះរួមទាំងការប្រកាសនៅឆ្នាំ២០២៣ ដែលថា ខ្លួនកំពុងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងដែនដីសម្ព័ន្ធមិត្តរបស់ខ្លួន គឺបេឡារុស ដែលមានព្រំប្រទល់ជាប់ប្រទេសសមាជិកអង្គការណាតូចំនួន៣។
លោក Shoigu បាននិយាយថា រុស្ស៊ីដែលបានបញ្ជូនកងទ័ពរាប់ម៉ឺននាក់ចូលទៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ និងបេឡារុស កំពុងចាត់វិធានការការពារ ប្រឆាំងនឹងការប៉ុនប៉ងរបស់លោកខាងលិច ដែលមានបំណង «ធ្វើឲ្យស្ថានការណ៍អស្ថិរភាព ពីរង្វង់ខាងក្នុង»៕


