បាល់ទាត់៖ ខ្សែប្រយុទ្ធ Paris Saint Germain, Lionel Messi បានវិលត្រលប់មកហ្វឹកហាត់វិញជាមួយក្រុមជំរើសជាតិអាហ្សង់ទីន ដើម្បីត្រៀមការប្រកួតជំរុះ World Cup។ យ៉ាងណាក្តី Messi ត្រូវបានដាក់ឱ្យហ្វឹកហាត់ដាច់ដោយឡែកប៉ុណ្ណោះ មុននឹងចាប់ផ្តើមហ្វឹកហាត់រួមគ្នាជាមួយមិត្តរួមក្រុម ក្រោយពីការតាមដានរបស់គ្រូកាយសម្បទា។

Messi មិនទាន់ច្បាស់ថា អាចចូលលេងបានរឺក៏អត់ដែរនៅពេលអាហ្សង់ទីនជួបអ៊ុយរូហ្កាយ និងប្រេស៊ីលនៃវគ្គជំរុះក្នុងតំបន់អាមេរិកខាងត្បូង បន្ទាប់ពីអវត្តមាន ២ប្រកួតចុងក្រោយនៅ PSG ដោយសាររបួសជង្គង់ និងសសៃពួរ។ អាហ្សង់ទីនបច្ចុប្បន្នកំពុងឈរលេខ២ ក្នុងតារាងនៃវគ្គជំរុះបាល់ទាត់ពិភពលោក FIFA World Cup ២០២២ ជាមួយនឹង ២៥ពិន្ទុក្នុងដៃដេញពីក្រោយក្រុមកំពូលតារាងប្រេស៊ីល ៦ពិន្ទុ និងដាច់ក្រុមលេខ៣ អេក្វាដ័រ ៨ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ