មេដឹកនាំតាមព្រឹត្តន័យស៊ីរីលោក Ahmed al-Sharaa បាននិយាយថា ប្រទេសរបស់លោក ត្រៀមខ្លួនរួចរាល់ក្នុងការស្វាគមន៍កងកម្លាំងអង្គការសហប្រជាជាតិ(UN)នៅតំបន់ទ្រនាប់ជាមួយអ៊ីស្រាអែល ។
អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍ A Haber របស់ទួរគី លោក Al-Sharaa និយាយថា អ៊ីស្រាអែលគិតចង់រុលចូលទឹកដីស៊ីរី ដោយសារវត្តមានរបស់ក្រុមជីវពលអ៊ីរ៉ង់ និងក្រុមហេសបូឡា ប៉ុន្តែក្រោយការរំដោះប្រទេសស៊ីរី លោកមានជំនឿថា លេសមួយនេះ ត្រូវបានដកចេញពីអ៊ីស្រាអែល ហើយលែងមានតម្រូវការណាមួយត្រូវរុលចូលទៅមុខទៀតនោះទេ ។
លោកបន្តថា ស៊ីរីបានទាក់ទងជាមួយ UN ឲ្យប្រកាន់ភ្ជាប់កិច្ចព្រមព្រៀងឆ្នាំ ១៩៧៤ ដែលបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេ ក្នុងការផ្តល់កន្លែងឈរជើងរបស់កងកម្លាំង UNនៅតំបន់ទ្រនាប់ ផ្តល់ការការពារ និងជួយសម្រួលដល់ការឈរជើងរបស់ពួកគេ ។
លោក Al-Sharaa បញ្ជាក់ថា លោកមានជំនឿថា បច្ចុប្បន្នស៊ីរីទើបរួចផុតពីសង្រ្គាមដ៏ខ្ទេចខ្ទាំ ហើយនិងមានមធ្យោបាយការទូត ហើយពួកយើងបាននិយាយជាមួយប្រទេសជាច្រើនលើបញ្ហាមួយនេះ រួមទាំងប្រធានាធិបតីទួរគីលោក Tayyip Erdogan ក៏ដូចជាបណ្តាប្រទេសអារ៉ាប់ ហើយនិងប្រទេសលោកខាងលិចទាំងអស់ ។
លោកនិយាយទៀតថា មាននូវមតិរួមប្រឆាំងនឹងការរុលទៅមុខរបស់អ៊ីស្រាអែល ។ ពួកយើងប្រើប្រាស់វិធីសាស្រ្តស្របច្បាប់ អំឡុងពេលនេះ ។ ពួកយើងបានផ្ញើរលិខិតទៅកាន់ UN ដើម្បីបញ្ជាក់ថា ពួកយើងបានប្តេជ្ញាចិត្តរួចរាល់ចំពោះកិច្ចព្រមព្រៀងឆ្នាំ ១៩៧៤ ហើយពួកយើងត្រៀមខ្លួនរួចរាល់ក្នុងការទទួលយកកងកម្លាំង UNឲ្យឈរជើងនៅតំបន់ទ្រនាប់រវាងពួកយើង និងអ៊ីស្រាអែល ៕