បាតុកររាប់ម៉ឺននាក់ បានចេញធ្វើបាតុកម្មនៅពេញទីលានកណ្តាលក្នុងរដ្ឋធានីប្រទេសស្លូវ៉ាគី កាលពីថ្ងៃសុក្រ ទី២៤ ខែមករា ដោយបានគ្រវីបដាប្រឆាំងការផ្លាស់ប្តូរគោលនយោបាយរបស់នាយករដ្ឋមន្ត្រី លោក Robert Fico កាន់តែខិតទៅជិតរុស្ស៊ី បន្ទាប់ពីភាពតានតឹងរវាងរដ្ឋាភិបាល និងក្រុមប្រឆាំង បានកើនឡើង។
អ្នករៀបចំ បានប៉ាន់ប្រមាណថាមនុស្ស ៦០.០០០នាក់បានចូលរួមក្នុងបាតុកម្មនៅទីលានសេរីភាព Bratislava ប្រហែល៤ដង ច្រើនជាងបាតុកម្មចុងក្រោយ កាលពី ពីរសប្តាហ៍មុន។
ការតវ៉ា បានខិតជិតដល់កម្រិតដែលត្រូវបានគេមើលឃើញកាលពីឆ្នាំ២០១៨ នៅពេលដែលការសម្លាប់អ្នកសារព័ត៌មានស៊ើបអង្កេតម្នាក់ បានបង្កឱ្យមានបាតុកម្មទ្រង់ទ្រាយធំនិងបង្ខំឱ្យ លោក Fico លាលែងពីតំណែង។ លោក Fico បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជានាយករដ្ឋមន្ត្រីឡើងវិញ កាលពីឆ្នាំ ២០២៣។
ក្រុមអ្នកតវ៉ា បានស្រែកថា «គ្រប់គ្រាន់ហើយចំពោះ Fico» និង «យើងជាអឺរ៉ុប» ហើយនៅទីតាំងមួយកន្លែង បានបើកភ្លើងបំភ្លឺទីលានដោយទូរស័ព្ទដៃរបស់ពួកគេ ក្រោយការដាច់ចរន្តអគ្គិសនីមួយរយៈ។ ការប្រមូលផ្តុំគ្នា ក៏ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងចំនួន២០ផ្សេងទៀត នៅទូទាំងប្រទេសស្លូវ៉ាគី។
ភាពតានតឹងបានកើតឡើងក្នុងសប្តាហ៍នេះ បន្ទាប់ពីរដ្ឋាភិបាលជាតិនិយមឆ្វេងនិយមជ្រុលរបស់ លោក Fico បានវាយប្រហារគូប្រជែងរបស់លោក ដោយចោទប្រកាន់ពួកគេពីបទប៉ុនប៉ងបង្កភាពចលាចល។
រដ្ឋាភិបាល មានផែនការចំពោះវិធានការទប់ស្កាត់ថ្មី ជាអ្វីដែល លោកFico បាននិយាយថា ផែនការបង្កើនការតវ៉ា ទៅជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដោយខុសច្បាប់ រួមទាំងដោយការចូលកាន់កាប់អគាររដ្ឋ។