វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅទីក្រុង DAVOS កាលពីថ្ងៃសុក្រ ដោយអំពាវនាវមានការបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការកដោះស្រាយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជា ជាសកល។
ចំពេលមានជម្លោះដែលកំពុងកើតមាន អស្ថិរភាពសេដ្ឋកិច្ច និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស កិច្ចប្រជុំប្រចាំឆ្នាំរបស់ WEF ឆ្នាំ ២០២៥ បានបម្រើការជាវេទិកាដ៏សំខាន់មួយ សម្រាប់ការជំរុញកិច្ចសន្ទនា លើកទឹកចិត្តដល់កិច្ចសហការ និងការជំរុញដំណោះស្រាយប្រកបដោយនិរន្តរភាព ចំពោះបញ្ហាប្រឈមសកលរួមគ្នា។
នៅក្នុងសុន្ទរកថាបិទរបស់ខ្លួន ប្រធាន WEF លោក Borge Brende បាននិយាយថា៖«យើងទាំងអស់គ្នាដឹងក្នុងអំឡុងសប្តាហ៍នេះថា យើងបានមកជួបជុំគ្នា នៅទីក្រុង Davos នៅពេលនៃផលវិបាកដ៏ធំធេង និងភាពមិនច្បាស់លាស់។ ទិដ្ឋភាពនយោបាយ ភូមិសាស្ត្រនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច កំពុងផ្លាស់ប្តូរ យ៉ាងខ្លាំង។
លោកបានសង្កត់ធ្ងន់ថា អាទិភាពនយោបាយសំខាន់ៗ ដូចជាការជំរុញកំណើនសេដ្ឋកិច្ច ការកាត់បន្ថយការបញ្ចេញកាបូន និងការស្វែងរកមធ្យោបាយ ដើម្បីបញ្ចប់ជម្លោះ ទាមទារឲ្យមានការយកចិត្តទុកដាក់ជា បន្ទាន់។ លោកបានបន្ថែមថា៖«បញ្ហាប្រឈមទាំងអស់នេះ មិនអាចរង់ចាំបានទេ ហើយមធ្យោបាយតែមួយគត់ ដើម្បីធ្វើឲ្យមានវឌ្ឍនភាពលើបញ្ហាទាំងនេះ គឺតាមរយៈការសហការគ្នា»។