សារព័ត៌មានរដ្ឋ KCNA រាយការណ៍នៅថ្ងៃអាទិត្យនេះថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅយុទ្ធសាស្រ្ត ។
យោងតាមសេចក្តីរាយការណ៍ដែលរៀបរាប់ថា វាគឺជាការបាញ់សាកល្បងប្រព័ន្ធអាវុធដ៏សំខាន់នោះ បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលនេះ កាលពីថ្ងៃសៅរ៍ ។
KCNA រាយការណ៍ថា មីស៊ីលតម្រង់គោលដៅយុទ្ធសាស្រ្តបាញ់ចេញពីក្រោមទឹកទៅលើអាកាស ធ្វើដំណើរបានចម្ងាយ ១.៥០០គ.ម និងហោះរយៈពេលចន្លោះ ២ម៉ោង ៥នាទី ៧វិនាទី និង ២ម៉ោង ៥នាទី ១១វិនាទី មុនពេលវាយប្រហារចំគោលដៅរបស់វា ។
ដោយឡែក អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ និយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ ចេញពីតំបន់ដីគោក ឆ្ពោះទៅកាន់ដែនទឹក នៅភាគខាងលិចតំបន់ឆ្នេរ កាលពីវេលាម៉ោងប្រហេល ៤ល្ងាច (ត្រូវនឹងម៉ោង ០៧ ម៉ោងសកល) ថ្ងៃសៅរ៍ ៕