ទីភ្នាកងារព័ត៌មានរដ្ឋ KCNA រាយការណ៍នៅថ្ងៃអាទិត្យនេះថា ក្រសួងការបរទេសកូរ៉េខាងជើង សន្យាប្រឆាំងខ្លាំងបំផុតចំពោះរដ្ឋអាមេរិក ដរាបណាទីក្រុងវ៉ាស៊ីនតោននៅតែបដិសេធន៍អធិបតេយ្យភាពរបស់ទីក្រុងព្យុងយ៉ាង ។
ក្រសួងការបរទេសកូរ៉េខាងជើង និយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចុះផ្សាយដោយ KCNA ថា សម្ព័ន្ធយោធា និងសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវតែទទួលបានការស្តីបន្ទោសសម្រាប់ភាពតានតឹងកើនឡើងនៅក្នុងតំបន់ ។
សេចក្តីថ្លែងការណ៍ និយាយទៀតថា ការពិតបង្ហាញថា កូរ៉េខាងជើងគួរតែតបត.សហរដ្ឋអាមេរិកជាមួយការប្រឆាំងខ្លាំងបំផុតចាប់ពីអក្សរ A ដល់អក្សរ Z ដរាបណាពួកគេនៅតែបដិសេធន៍អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់កូរ៉េខាងជើង ហើយនេះគឺជាជម្រើសល្អបំផុតសម្រាប់ការទប់ទល់ជាមួយសហរដ្ឋអាមេរិក ។

ក្រសួងការបរទេសកូរ៉េខាងជើង និយាយបែបនេះ គឺចង់សំដៅលើសមយុទ្ធដែនអាកាសរួមគ្នារយៈពេល ៤ថ្ងៃរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ដែលបានធ្វើឡើងនៅមូលដ្ឋានអាកាស ស្ថិតក្នុងទីក្រុង Wonju របស់កូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ។
សេចក្តីថ្លែងការណ៍នេះ បានកើតមានឡើង ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងទាក់ទងទៅកាន់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ម្តងទៀត ក្រោយពួកគេទាំង ២បង្កើតទំនាក់ទំនងការងារ អំឡុងអាណត្តិលើកដំបូងរបស់លោក Trump ៕

