ប្រធានាធិបតីអាមេរិកបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ (២៥ មករា) ថា លោកបានបញ្ជាឱ្យយោធាសហរដ្ឋអាមេរិក លុបចោលការផ្អាកដែលដាក់ដោយអតីតប្រធានាធិបតី លោក Joe Biden លើការផ្គត់ផ្គង់គ្រប់បែកទម្ងន់ ២.០០០ផោន ឬប្រហែលនឹង ៩០៧គីឡូក្រាម ដល់អ៊ីស្រាអែល។ ជំហាននេះត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយ ដោយសារលោក Trump ជាអ្នកគាំទ្រអ៊ីស្រាអែល។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា អាមេរិកបានលុបចោលការផ្អាកនោះនៅថ្ងៃនេះ ហើយអ៊ីស្រាអែល និងទទួលបានសព្វាវុធទាំងនេះ ដោយសារពួកគេបានបង់ប្រាក់សម្រាប់គ្រឿងយុទ្ធោបករណ៍នោះ ហើយបានរង់ចាំការដឹកជញ្ជូនជាយូរមកហើយ។

លោក Biden បានដាក់ការផ្អាកលើការចែកចាយគ្រាប់បែកទាំងនោះ ដោយសារក្ដីបារម្ភពីផលប៉ះពាល់លើប្រជាជនស៊ីវិល ជាពិសេសនៅទីក្រុង Rafah នៃតំបន់ហ្កាហ្សា ក្នុងអំឡុងពេលសង្រ្គាមរបស់អ៊ីស្រាអែល នៅក្នុងតំបនហ៊ុមព័ទ្ធប៉ាឡេស្ទីន។
គ្រាប់បែកទម្ងន់ ២.០០០ផោនមួយគ្រាប់ អាចពុះច្រៀកបេតុង និងដែកក្រាស់ជាបំណែកៗ ដោយបង្កើតជាកាំផ្ទុះដ៏ធំទូលាយ។ សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីឆ្នាំមុនថា រដ្ឋបាលលោក Biden បានបញ្ជូនគ្រាប់បែកទម្ងន់ ២.០០០ផោននេះចំនួនរាប់ពាន់គ្រាប់ទៅអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ចេញពីតំបន់ហ្កាហ្សា ប៉ុន្តែបានផ្អាកការដឹកជញ្ជូនមួយជើង ជុំវិញកង្វល់ដែលថាមានអ្នកស្លាប់ជាជនស៊ីវិលច្រើនពេក៕

