ប្រធានអង្គការសុខភាពពិភពលោក WHO បានអំពាវនាវកាលពីថ្ងៃសៅរ៍ (២៥ មករា) ឱ្យបញ្ចប់ការវាយប្រហារលើបុគ្គលិកថែទាំសុខភាព និងសម្ភារៈបរិក្ខារនានាក្នុងប្រទេសស៊ូដង់ បន្ទាប់ពីការវាយប្រហារដោយយានដ្រូនលើមន្ទីរពេទ្យមួយកន្លែងក្នុងតំបន់ North Darfur នៃប្រទេសស៊ូដង់ បានសម្លាប់មនុស្សជាង ៧០នាក់ និងរាប់សិបនាក់រងរបួស ខណៈសង្រ្គាមស៊ូដង់ នៅតែបន្ត។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានបង្ហោះលើបណ្ដាញសង្គម X បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសុក្រ (២៤ មករា) ថា "មន្ទីរពេទ្យសម្ភពអារ៉ាប៊ីសាអ៊ូឌីតនោះ ជាកន្លែងថែទាំសុខភាពដែលនៅដំណើរការតែមួយគត់នៅតំបន់ El Fasher ផ្តល់សេវាដល់ប្រជាជន”។

លោកបន្តថា “យើងបន្តអំពាវនាវឱ្យបញ្ឈប់រាល់ការវាយប្រហារលើការថែទាំសុខភាពនៅស៊ូដង់ និងអនុញ្ញាតឱ្យមានលទ្ធភាពពេញលេញសម្រាប់ការស្ដារឡើងវិញយ៉ាងឆាប់រហ័សនូវគ្រឿងបរិក្ខារដែលបានខូចខាត"។
សង្គ្រាមដ៏បង្ហូរឈាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣ ដោយសារតែជម្លោះជុំវិញការរួមបញ្ចូលកងកម្លាំងទាំងពីរ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់ត្រូវបង្ខំចិត្តភៀសខ្លួន រួមទាំងរុញច្រានពាក់កណ្តាលនៃចំនួនប្រជាជនសរុបរបស់ស៊ូដង់ ឱ្យធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន៕


