ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី បានរងឥទ្ធិពលដោយរលកកម្ដៅដ៏ខ្លាំងក្លានៅថ្ងៃចន្ទ (២៧ មករា) នេះ ដោយបង្កើនហានិភ័យធ្ងន់ធ្ងរនៃចំហេះព្រៃ និងជំរុញឱ្យអាជ្ញាធរចេញបម្រាមដុតភ្លើង សម្រាប់ផ្នែកជាច្រើននៃរដ្ឋ Victoria។

សីតុណ្ហភាពក្ដៅគគុកនេះបាននាំមកនូវការចងចាំពីគ្រោះមហន្តរាយឆ្នាំ២០១៩-២០២០ ឈ្មោះថា "រដូវក្ដៅពណ៌ខ្មៅ" ដែលបានឆេះបំផ្លាញតំបន់មួយមានទំហំប៉ុនប្រទេសទួរគី ដោយបានសម្លាប់មនុស្ស ៣៣នាក់ និងសត្វរាប់លានក្បាល។

នៅថ្ងៃចន្ទនេះ អ្នកព្យាករអាកាសធាតុរបស់ប្រទេសបានព្រមានថា សីតុណ្ហភាពអាចឡើងដល់ ៤១អង្សាសេ នៅក្នុងរដ្ឋធានី Melbourne របស់រដ្ឋ Victoria លើស ១៤អង្សាសេនៃសីតុណ្ហភាពអតិបរមាមធ្យមរបស់ទីក្រុងសម្រាប់ខែមករា។

អាជ្ញាធរបានវាយតម្លៃគ្រោះថ្នាក់ចំហេះគឺនៅកម្រិត "គ្រោះថ្នាក់ខ្លាំងបំផុត" ទីពីរក្នុងតំបន់ Victoria ចំនួន៥ នៅថ្ងៃចន្ទ។ លោក Dean Narramore អ្នកជំនាញឧតុនិយមជាន់ខ្ពស់នៃក្រុមព្យាករបាននិយាយថា ស្ថានភាពក្តៅស្ងួត និងខ្យល់ខ្លាំងអាចបង្កឱ្យមាន "ចំហេះធំ" មុនពេលមានការផ្លាស់ប្តូររកភាពត្រជាក់ក្នុងរដ្ឋ Victoria នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕