ភ្នំពេញ ៖ ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បន្តទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណិត្តទី៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
ជាការយល់ឃើញរបស់ប្រជាជពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែវិច្ឆិកានេះ បាន ប្រាប់BTVឲ្យដឹងថា ការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ពិតជាមានសារសំខាន់ណាស់ សម្រាប់ការ ជ្រើសរើសថ្នាក់ដឹកនាំ ដែលមានសមត្ថភាព និងគិតគូរពីសុខទុក្ខប្រជាជនពលរដ្ឋ។ ក្រៅពីនេះ ពួកគេ បានអំពាវនាវដល់ពលរដ្ឋ ដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឲ្យបាន គ្រប់គ្នាៗ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប បានបង្ហាញថា គិតចាប់ពីថ្ងៃដំណើរការចុះឈ្មោះបោះឆ្នោតរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកានេះ ពលរដ្ឋជាង៣១ ម៉ឺននាក់ បានមកចុះឈ្មោះបោះឆ្នោតថ្មី។
នៅឆ្នាំ២០២១នេះ គ.ជ.ប ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ដំណើរនេះ នឹងធ្វើឡើងរៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលពេលព្រឹក ចាប់ពីម៉ោង៧៖០០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀល ចាប់ពី ម៉ោង២៖០០នាទី ដល់ម៉ោង៥៖៣០នាទី នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងមួយចំនួនទៀតក្នុងឃុំ-សង្កាត់។
ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋមានសញ្ជាតិកម្ពុជាទាំងពីរភេទ ត្រូវមានអាយុយ៉ាង តិចពី១៨ឆ្នាំឡើងទៅ និងមានឯកសាព័ន្ធផ្សេងៗមួយចំនួនទៀត។
តាមការប៉ាន់ស្មានរបស់គ.ជ.ប ពលរដ្ឋ ដែលមានអាយុពី១៨ឆ្នាំឡើងទៅ មិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី មានចំនួនជាង១លាន នាក់។ សម្រាប់ដំណើការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណិត្តទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃ ទី០៥ ខែមិថុនា ឆ្នាំ២០២២៕
អត្ថបទ៖ ទូច សោភ័ណ