រដ្ឋាភិបាលថៃ កាលពីថ្ងៃអាទិត្យ (២៦ មករា) បានអំពាវនាវឱ្យកូនចៅកាត់ចិន ប្រើប្រាស់ក្រដាសសែនឌីជីថលតាមអ៊ិនធឺណិត ជំនួសឱ្យការដុតក្រដាសសែនពិតប្រាកដ ដែលជាផ្នែកនៃប្រពៃណីបុណ្យចូលឆ្នាំចិនរបស់ពួកគេ ដើម្បីជួយកាត់បន្ថយកង្វក់ខ្យល់ ឬការបំពុលបរិយាកាសដ៏ធ្ងន់ធ្ងររួចទៅហើយ។

អ្នកនាំពាក្យរងរបស់រដ្ឋាភិបាល លោក Anukul Prueksanusak និយាយថា រដ្ឋាភិបាលថៃ ស្វះស្វែងរកកិច្ចសហប្រតិបត្តិការពីប្រជាជនកាត់ចិន ដើម្បីចៀសវាងការដុតក្រដាសសែន ឬគ្រឿងសំណែនផ្សេងៗក្នុងពិធីបុណ្យដ៏អ៊ូរអរនេះ។

ផ្ទុយទៅវិញ ពលរដ្ឋត្រូវបានលើកទឹកចិត្តឱ្យជ្រើសរើសដុតក្រដាសសែននិម្មិត ឬឌីជីថល ដែលវត្ថុសែននានាត្រូវបាន "ដុត" ជាតំណាង តាមអ៊ីនធឺណិត។ អ្នកនាំពាក្យរូបនោះបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពខ្យល់ ជាពិសេសដោយសារតែទីក្រុងបាងកក និងទីក្រុងធំៗមួយចំនួនក្នុងប្រទេសថៃ ត្រូវបានញាំញីដោយកម្រិតគុណភាពខ្យល់ដ៏គ្រោះថ្នាក់។

កង្វក់ខ្យល់តាមរដូវកាលបានធ្វើឱ្យថៃ រងទុក្ខជាយូរមកហើយ ដូចជាប្រទេសជាច្រើនផ្សេងទៀតក្នុងតំបន់ដែរ ដោយសារខ្យល់រដូវរងាកាន់តែត្រជាក់ និងនឹងថ្កល់ រួមផ្សំជាមួយនឹងផ្សែងពីចំហេះកម្ទេចកម្ទីដំណាំ និងផ្សែងយានយន្តផ្សេងៗ៕