ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ពីរបៀបបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
លោក Putin បានធ្វើអត្ថាធិប្បាយបែបនេះនៅដើមសប្តាហ៍នេះ អំឡុងពេលសម្ភាសន៍តាមទូរទស្សន៍រដ្ឋរុស្ស៊ី។

លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បាននិយាយកាលពីថ្ងៃសុក្រកាលពីសប្ដាហ៍មុនក្នុងអំឡុងពេលសម្ភាសន៍ថាយើងជឿជាក់លើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបច្ចុប្បន្នអំពីការត្រៀមខ្លួនរបស់លោកដើម្បីធ្វើការជាមួយគ្នា។ យើងតែងតែបើកចំហចំពោះរឿងនេះ ហើយត្រៀមខ្លួនសម្រាប់ការចរចាបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៣ មករាសប្ដាហ៍នេះ ថា លោកចង់ជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានការបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន និងបង្ហាញពីបំណងចង់ធ្វើការឆ្ពោះទៅរកការកាត់បន្ថយអាវុធនុយក្លេអ៊ែរ។

លោក Putin កាលពីខែកុម្ភៈឆ្នាំ២០២២ បានបើកការលុកលុយផ្នែកយោធាពេញបន្ទុកលើអ៊ុយក្រែនដែលនៅតែបន្តរហូតដល់បច្ចុប្បន្ន។
លោក Trump បានប្រកាសក្ដែងៗ អំឡុងយុទ្ធនាការថានឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយនៅដើមសប្តាហ៍នេះបាននិយាយថាលោកត្រៀមខ្លួនជាស្រេចដើម្បីជួបប្រធានាធិបតីរុស្ស៊ីនៅពេលណាមួយ។ ជាមួយគ្នានោះលោកបាននិយាយថា លោកនឹងអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូ មិនចាត់វិធានការដើម្បីធ្វើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះទេនោះ៕