សម្ព័ន្ធអារ៉ាប់កាលពីថ្ងៃអាទិត្យបានព្រមានប្រឆាំងនឹង«ការប៉ុនប៉ង ដើម្បីជម្លៀសប្រជាជនប៉ាឡេស្ទីនទាំងអស់ចេញពីទឹកដីរបស់ពួកគេ» បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) បានលើកឡើងផែនការមួយ ដើម្បី «បោសសម្អាត» តំបន់ហ្កាហ្សាស្ទ្រីប និងផ្លាស់ទីលំនៅប្រជាជនរបស់ខ្លួន ទៅកាន់អេហ្ស៊ីប និងហ្ស៊កដានី។

អគ្គលេខាធិការដ្ឋាននៃប្លុកតំបន់នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការជម្លៀសដោយបង្ខំ និងការបណ្តេញប្រជាជនចេញពីទឹកដីរបស់ពួកគេ អាចត្រូវបានគេហៅថា ការសម្អាតជនជាតិភាគតិចប៉ុណ្ណោះ»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«ការប៉ុនប៉ង ដើម្បីយកប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ មិនថាដោយការផ្លាស់ទីលំនៅ ការដាកបញ្ចូលជាឧបសម្ព័ន្ធ ឬការពង្រីកការតាំងទីលំនៅ ត្រូវបានបង្ហាញឲ្យឃើញថា បានបរាជ័យកាលពីអតីតកាល»។
កាលពីព្រឹកថ្ងៃអាទិត្យ ប្រទេសអេហ្ស៊ីប បានសម្ដែងការជំទាស់ជាដាច់ខាតចំពោះការលើកឡើងរបស់លោក ត្រាំ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសក្រុងគែរ បានសម្តែងការគាំទ្ររបស់អេហ្ស៊ីប ចំពោះការប្តេជ្ញារបស់ប្រជាជនប៉ាឡេស្ទីន បន្តនៅលើទឹកដីរបស់ពួកគេ។
ក្រសួងនេះ «ច្រានចោលរាល់ការរំលោភលើសិទ្ធិ ដែលមិនអាចកាត់ផ្តាច់បាន ទោះជាដោយការតាំងទីលំនៅ ឬការបញ្ចូលទឹកជាឧបសម្ព័ន្ធ ឬការបោសសម្អាតប្រជាជនចេញពីទឹកដីរបស់ខ្លួន តាមរយៈការផ្លាស់ទីលំនៅ បានជំរុញឲ្យមានការផ្លាស់ប្តូរ ឬការយកជនជាតិប៉ាឡេស្ទីនចេញពីដីរបស់ពួកគេ ទោះជាបណ្តោះអាសន្ន ឬរយៈពេលវែងក៏ដោយ»។