បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសយេម៉ែន លោក Hans Grundberg កាលពីថ្ងៃអាទិត្យ បានជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រុមហ៊ួទី នៅប្រទេសអូម៉ង់ ហើយបានអំពាវនាវឲ្យមានការដោះលែងបុគ្គលិកអង្គការសហប្រជាជាតិដែលត្រូវបានចាប់ឃុំខ្លួន ដោយកងជីវពលរបស់ក្រុមនេះ។

សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក Grundberg បានឲ្យដឹងថា លោកបានជួប នៅទីក្រុង Muscat ជាមួយ «មន្ត្រីជាន់ខ្ពស់អូម៉ង់» និង លោក Mohammed Abdul Salam អ្នកនាំពាក្យរបស់ ក្រុមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍នោះ បានលើកឡើងថា៖«ពួកគេបានដោះស្រាយការឃុំខ្លួនតាមអំពើចិត្តនាពេលថ្មីៗនេះនៃបុគ្គលិកអង្គការសហប្រជាជាតិ ដោយបន្ថែមទៅលើមនុស្សជាច្រើនទៀត ដែលត្រូវបានចាប់ឃុំខ្លួនដោយចលនា «Ansar Allah» ដោយសំដៅទៅលើក្រុមហ៊ួទី។
កាលពីថ្ងៃសុក្រ អង្គការសហប្រជាជាតិ បានប្រកាសថា ក្រុមឧទ្ទាមហ៊ួទី បានឃុំខ្លួនបុគ្គលិកចំនួន ៧នាក់ ដោយបន្ថែមបុគ្គលិកUN ចំនួន ១៣នាក់ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលចំនួន ៥០ដែលត្រូវបានឃុំខ្លួនចាប់តាំងពីខែមិថុនា។
ក្រុមហ៊ួទី បាននិយាយនៅពេលនោះថា ការចាប់ខ្លួននៅខែមិថុនា បានកំណត់គោលដៅ «បណ្តាញចារកម្មអាមេរិក-អ៊ីស្រាអែល» ដែលប្រតិបត្តិការក្រោមការគ្របដណ្តប់នៃអង្គការមនុស្សធម៌ ដែលជាការចោទប្រកាន់ដែលត្រូវបានច្រានចោលដោយអង្គការសហប្រជាជាតិ។