ស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងម៉ានីល នៅថ្ងៃចន្ទ (ទី២៧ ខែមករា) បានឲ្យដឹងថា ឆ្មាំល្បាតឆ្នេរ និងមន្ត្រីជលផលមកពីប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក វៀតណាម និងឥណ្ឌូនេស៊ី បានហ្វឹកហាត់អនុវត្តបច្ចេកទេសឡើងលើនាវា និងចាប់ខ្លួន អំឡុងការបណ្តុះបណ្តាលអនុវត្តច្បាប់ដែនសមុទ្ររួមគ្នា។
វគ្គហាត់សមរយៈពេល ២សប្តាហ៍ នៅលើកោះ Mindanao ភាគខាងត្បូងនៃប្រទេសហ្វីលីពីន កើតមានឡើងជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ក្នុងតំបន់ ដើម្បីជំរុញដល់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ខណៈដែលការបារម្ភពីការកើតជម្លោះដែនសមុទ្រជាមួយប្រទេសចិន មានខ្លាំងឡើងៗ។
គួរបញ្ជាក់ថា ជាញឹកញាប់ តែងមានការប៉ះទង្គិចគ្នា ឬការប្រឈមមុខដាក់គ្នាដ៏តានតឹង រវាងនាវាហ្វីលីពីន និងចិន នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ ក៏ដូចជាឧប្បត្តិហេតុថ្មីៗ ដែលមានពាក់ព័ន្ធជាមួយនាវាវៀតណាម និងឥណ្ឌូនេស៊ី។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយស្ថានទូតអាមេរិក មេបញ្ជាការប្រចាំតំបន់របស់ឆ្មាំល្បាតឆ្នេរហ្វីលីពីន គឺលោក Rejard Marfe បានឲ្យដឹងថា៖ «ដោយការរួមគ្នាជាដៃគូ យើងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការធានាឲ្យបានថា អធិបតេយ្យភាពដែនសមុទ្ររបស់យើង នៅតែជាតំបន់ដែលមានសន្តិភាព សុវត្ថិភាព និងវិបុលភាព សម្រាប់ទាំងអស់គ្នា»។
ទោះបីជាសេចក្តីថ្លែងការណ៍នោះ មិនបានលើកឡើងដោយចំៗ លើប្រទេសចិនក៏ដោយ ក៏លោកមេបញ្ជាការ Marfe បានហៅការហ្វឹកហ្វឺនពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែមករាថា «មានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីធានាបានថា ពួកយើងមានសមត្ថភាពកាន់តែប្រសើរឡើងជាងមុន ក្នុងការដោះស្រាយជាមួយការគំរាមកំហែង តាមសមុទ្រ»៕