ប៉ាគីស្ថាន៖ ម្ចាស់ជ័យលាភីពានរង្វាន់ណូបែល និងជាសកម្មជនផ្នែកអប់រំ នាង Malala Yousafzai បានប្រកាសពិធីរៀបអាពាហ៍ពិពាហ៍របស់នាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃអង្គារ។ អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សជនជាតិប៉ាគីស្ថានវ័យ ២៤ឆ្នាំដែលត្រូវបានក្រុមតាលីបង់បាញ់ដោយសារតែហានចេញមុខទាមទារឲ្យក្រុមតាលីបង់ អនុញ្ញាតឲ្យក្មេងស្រីមានឱកាសទទួលបានការសិក្សានាពេលកន្លងមកនោះ បានបង្ហោះរូបភាពនៅលើបណ្ដាញសង្គម Twitter និង Instagram អំពីពិធីអាពាហ៍ពិពាហ៍របស់នាងកាលពីថ្ងៃអង្គារជាមួយប្ដីរបស់នាងគឺលោក Asser Malik និងក្រុមគ្រួសាររបស់នាងក្នុងពិធីរៀបអាពាហ៍ពិពាហ៍តូចតាច។

នាង Malala បានសរសេរថា ថ្ងៃនេះជាពេលវេលាដ៏មានន័យសម្រាប់ជីវិតរបស់នាង។ លោក Asser and នាងបានរៀបការចាប់ដៃគ្នាជាគូរជីវិត។ យើងបានរៀបចំពិធីតូចតាចនៅផ្ទះនៅក្នុងទីក្រុង Birmingham ចក្រភពអង់គ្លេសជាមួយក្រុមគ្រួសាររបស់យើង។ សូមជូនពរពួកយើងផង។ យើងរីករាយនឹងដើរកាន់ដៃគ្នាឆ្ពោះទៅមុខ។ គួររម្លឹកថា នាង Yousafzai ត្រូវបានក្លាយជាគោលដៅរបស់ក្រុមតាលីបង់ ដោយសារតែការទាមទារឥតឈប់ឈររបស់នាងចំពោះក្រុមតាលីបង់ ដែលបានហាមមិនឲ្យក្មេងស្រីមានឱកាសទទួលបានការសិក្សា។
នាងត្រូវបានក្រុមនេះបាញ់ ខណៈត្រឡប់មកពីសាលារៀននៅក្នុងតំបន់ជ្រលងភ្នំ Swat Valley របស់ប្រទេសប៉ាគីស្ថានកាលពីឆ្នាំ២០១២។ នាងបានធ្វើដំណើរទៅកាន់ទីក្រុង Birmingham របស់ចក្រភពអង់គ្លេសដើម្បីព្យាបាល ដែលរួមដំណើរជាមួយគ្រួសាររបស់នាង។ ក្នុងពេលមិនយូរប៉ុន្មាន នាងបានវិលត្រឡប់ទៅសាលារៀនវិញ ប៉ុន្តែនាងនៅតែបន្តយុទ្ធនាការទាមទារសិទ្ធិទទួលបានការអប់រំ សម្រាប់ក្មេងស្រីដទៃទៀត។ នាងបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Oxford នៅចក្រភពអង់គ្លេសកាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ៕
អត្ថបទ៖ សុខមាន