ក្រុមហាម៉ាសបានប្រាប់អ៊ីស្រាអែលថាចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន៨នាក់ក្នុងចំណោមចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន២៦នាក់ដែលនឹងត្រូវដោះលែងជាផ្នែកក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់បានបាត់បង់ជីវិតហើយ។

ការប្រកាសនេះ ត្រូវគេជឿថាជាលើកទីមួយហើយដែលក្រុមសកម្មប្រយុទ្ធបាននិយាយយ៉ាងច្បាស់ថាតើចំណាប់ខ្មាំងប៉ុន្មាននាក់បានស្លាប់ ឬនៅរស់។ ក្រោយមកអ្នកនាំពាក្យនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បាននិយាយថា ចំនួនទាំងនេះត្រូវគ្នានឹងព័ត៌មានដែលប្រមូលបានដោយចារកម្មអ៊ីស្រាអែល។

ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលបីនាក់ដំបូង ក្នុងនោះមានពលរដ្ឋអង់គ្លេសពីរនាក់ ត្រូវបានដោះលែងកាលពីដើមខែនេះ ជាថ្នូរនឹងអ្នកជាប់ឃុំប៉ាឡេស្ទីន ៩០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។
កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ទាហានអ៊ីស្រាអែលបួននាក់ត្រូវបានដោះលែងជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន២០០នាក់ ដែលភាគច្រើនត្រូវបានកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីត្រូវបានកាត់ទោសពីបទវាយប្រហារសម្លាប់រង្គាល។

ក្រុមហាម៉ាស ក៏បានចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភលើកិច្ចព្រមព្រៀងនេះផងដែរ ប៉ុន្តែកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រទេសកាតា ដែលជាអ្នកសម្របសម្រួលសំខាន់បំផុតក្នុងកិច្ចចរចាដើម្បីបញ្ចប់ការប្រយុទ្ធគ្នាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចំណាប់ខ្មាំងឈ្មោះ Yehoud នឹងត្រូវដោះលែងរួមជាមួយចំណាប់ខ្មាំងពីរនាក់ផ្សេងទៀតនៅមុនថ្ងៃសុក្រសប្ដាហ៍នេះ៕