អ្នករស់រានមានជីវិតក្នុងព្រឹត្តិការណ៍សង្រ្គាមលោកលើកទីពីរនៅជំរំ អូស្វីច (Auschwitz) បានព្រមានកាលពីថ្ងៃចន្ទ (២៧ មករា) ពីគ្រោះថ្នាក់នៃការកើនឡើងនូវទំនោរប្រឆាំងជនជាតិជ្វីហ្វ ខណៈពួកគេបានប្រារព្ធខួបលើកទី៨០ នៃការរំដោះជំរំមរណៈរបស់ពួកណាហ្ស៊ីអាល្លឺម៉ង់ ដោយកងទ័ពសូវៀតនៅក្នុងការជួបជុំចុងក្រោយមួយក្នុងចំណោមអ្នកដែលជួបប្រទះនឹងហេតុការណ៍ដ៏រន្ធត់នោះ។

ពិធីនៅទីតាំងជំរំដែលរបបណាហ្ស៊ីអាល្លឺម៉ង់បានបង្កើតឡើងនៅដែនដីកាន់កាប់ប៉ូឡូញ ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរដើម្បីសម្លាប់ជនជាតិជ្វីហ្វនៅអឺរ៉ុបក្នុងទ្រង់ទ្រាយធំនោះ ត្រូវបានចូលរួមដោយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ព្រះហាក្សត្រ Charles របស់ចក្រភពអង់គ្លេស ប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda និងមេដឹកនាំជាច្រើនរូបទៀត។

មេដឹកនាំទាំងនោះមិនបានថ្លែងសុន្ទរកថាទេ ប៉ុន្តែបានស្តាប់ការលើកឡើងរបស់អ្នករងទុក្ខលំបាក និងបានឃើញផ្ទាល់ភ្នែកនូវអំពើឃោរឃៅដ៏ធំបំផុតរបស់មនុស្សជាតិ។ អ៊ីស្រាអែល ដែលបង្កើតឡើងដោយជនជាតិជ្វីហ្វក្នុងស្រមោលនៃការសម្លាប់រង្គាលនោះ បានបញ្ជូនរដ្ឋមន្ត្រីក្រសួងអប់រំ លោក Yoav Kisch ឱ្យចូលរួម។

អ្នករួចជីវិតពីការសម្លាប់រង្គាលជនជាតិជ្វីហ្វ បាននិយាយថាការប្រឆាំងជនជាតិជ្វីហ្វដែលជាចំណុចកណ្ដាលនៃរបបណាហ្ស៊ី បានកើនឡើងជាថ្មី។ ឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វ បានកើនឡើងមួយផ្នែក រួមជាមួយនឹងការតវ៉ាប្រឆាំងនឹងអ៊ីស្រាអែល នៅក្នុងតំបន់ជាច្រើននៃទ្វីបអឺរ៉ុប អាមេរិកខាងជើង និងអូស្ត្រាលី ចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សា ដែនដីប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារលើអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣៕