អាជីវករលក់ដូរនៅផ្សារអូរឫស្សី រាជធានីភ្នំពេញ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន បានលក់ដូរដាច់កាក់កបលើពីថ្ងៃធម្មតា ខណៈប្រជាពលរដ្ឋជាច្រើនបានសម្រុកទៅទិញឥវ៉ាន់ ជាពិសេសបន្លែ ផ្លែឈើ ត្រីសាច់នានា ដើម្បីរៀបចំសែនព្រេន និងផ្គត់ផ្គង់ដល់ ការហូបចុកនៅក្នុងឱកាសនេះ។
ទាក់ទិននិងការបុណ្យទានម្តងៗដូចជា បុណ្យចូលឆ្នាំប្រពៃណីខ្មែរ, រដូវបុណ្យភ្ជុំបិណ្ឌ, និងបុណ្យចូលឆ្នាំប្រពៃណីចិនជាដើម ក្រុមអាជីវករនៅតាមផ្សារ មិនថានៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនោះឡើយ ពួកគេបានត្រៀមឥវ៉ាន់ដើម្បីលក់ដូរ ព្រោះថានៅក្នុង ឱកាសបុណ្យធំម្តងៗ ប្រជាពលរដ្ឋតែងតែសម្រុកទិញឥវ៉ាន់ដូចជា សម្លៀកបំពាក់ គ្រឿងអលង្ការ សម្ភារៈផ្គត់ផ្គង់ផ្ទះបាយ និងគ្រឿង បរិភោគឧបភោគនានា ជាក់ស្តែងនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននេះដើម ឃើញថា ក្រុមអាជីវករលក់ដូរ ជាពិសេសការលក់ ដូរ បន្លែ ផ្លែឈើ និងត្រីសាច់នានា នៅរាជធានីភ្នំពេញ មានភាពមមាញឹកយ៉ាងខ្លាំង ខណៈប្រជាពលរដ្ឋនៅក្នុងឱកាសនេះ ភាគច្រើន ទិញបន្លែ ផ្លែឈើ ត្រីសាច់ ដើម្បីរៀបចំសែនព្រេន និងការរៀបចំផ្សេងៗ ជាពិសេសអ្នកដែលជាប់សែស្រឡាយចិនជាដើម។
ជុំវិញការលក់ដូរនេះ, ក្រុមអាជីវករដែលលក់ដូរត្រីសាច់ បន្លែ ផ្លែឈើ នៅផ្សារអូរឫស្សី បានថ្លែងឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅពេលជិតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន ពួកគាត់បានលក់ដាច់ខុសថ្ងៃធម្មតា ជាក់ស្តែងមុនថ្ងៃបុណ្យចូលឆ្នាំចិនមួយថ្ងៃ ពួកគាត់ លក់ដាច់កើនមួយជាពីរដង និងរំពឹងថា នៅក្នុងថ្ងៃនេះនិងថ្ងៃស្អែកនឹងលក់ដាច់ដូចគ្នា។ ចំណែកតម្លៃលក់ចេញវិញ ក្រុមអាជីវករ បាន ថ្លែងឱ្យដឹងថា នៅក្នុងឱកាសនេះ ចំពោះសាច់ជ្រូក បានលក់លើសពីថ្ងៃធម្មតាបន្តិចបន្ទួច (ជាពិសេសសាច់បីជាន់) ចំណែកសាច់មាន ក៏មានការប្រែប្រួលតម្លៃខ្លះៗ។ ដោយឡែកបន្លែផ្លែឈើវិញ ឃើញថា នៅក្នុងឱកាសនេះផងដែរ ក៏មានការដាក់លក់សម្រាប់ផ្គត់ផ្គង់ តម្រូវការហូបចុកយ៉ាងច្រើនផងដែរ មិនថានៅផ្សារអូរឫស្សី ឬផ្សារផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញនោះឡើយ។
ជុំវិញការផ្គត់ផ្គង់សាច់ក្នុងឱកាសនេះដែរ, ថ្មីៗនេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថ្លែងលើក ឡើងថា សម្រាប់តម្រូវការផ្គត់ផ្គង់ជ្រូករស់នៅថ្ងៃធម្មតា ក្នុងរង្វង់ជាង ៨ ពាន់ ទៅ ៩ ពាន់ក្បាលក្នុងមួយថ្ងៃៗ ចំណែកនៅក្នុងពិធីបុណ្យ ចូលឆ្នាំចិននេះ តម្រូវការផ្គត់ផ្គង់ជ្រូករស់នៅតាមទីផ្សារនឹងអាចហក់ឡើងជាង ១ ម៉ឺន ១ ពាន់ក្បាល ក្នុងមួយថ្ងៃ ខណៈការផ្គត់ផ្គង់មាន់ ទា ក៏អាចហក់ឡើងជាង ១០ ម៉ឺនក្បាលផងដែរ។ ដោយឡែកតម្លៃលក់រាយវិញ លោកបានបញ្ជាក់ថា នៅក្នុងបុណ្យចូលឆ្នាំប្រពៃណី ចិននេះ តម្លៃសាច់ជ្រូក មាន់ ទា នឹងអាចប្រែប្រួលខ្លះខុសពីថ្ងៃធម្មតា តែមិនអាចហក់ឡើងខ្ពស់ហួសហេតុនោះឡើយ៕ អត្ថបទ៖ សុន រ៉ាឌី





