ខណៈបម្រាមរបស់អ៊ីស្រាអែលលើទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលផ្គត់ផ្គង់ជំនួយដល់ជនភៀសខ្លួនប៉ាឡេស្ទីន នឹងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា បុគ្គលិកកំពុងរៀបចំនៅបរិវេណរបស់ទីភ្នាក់ងារ UNRWA នៅទីក្រុងហ្សេរុយសាឡឹមខាងកើត ដែលត្រូវបានកាន់កាប់។

រដ្ឋាភិបាលប្រទេសអ៊ីស្រាអ៊ែល បានបញ្ជាឱ្យទីភ្នាក់ងារ UNRWA ចាកចេញពីទីតាំងបរិវេណ និងបញ្ឈប់ប្រតិបត្តិការនៅក្នុងទីក្រុងហ្សេរុយសាឡឹមខាងកើត បន្ទាប់ពីសភារបស់អ៊ីស្រាអែល កាលពីឆ្នាំមុនបានអនុម័តច្បាប់ ដែលបានដាក់បម្រាមលើទីភ្នាក់ងារនេះ ហើយក៏បានបោះឆ្នោតដើម្បីហាមឃាត់អាជ្ញាធរអ៊ីស្រាអែលមិនឲ្យទាក់ទងជាមួយទីភ្នាក់ងារ UNRWA ។

ទីភ្នាក់ងារនេះ បានដំណើរការរយៈពេលជាច្រើនទសវត្សរ៍មកហើយ ផ្តោតលើសាលារៀន និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅក្រុងហ្សេរុយសាឡឹមខាងកើត ព្រមទាំងនៅតំបន់កាន់កាប់ West Bank និងតំបន់ហ្កហ្សា សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនរាប់ម៉ឺននាក់។ វាពុំច្បាស់នោះទេថាតើអ្នកណានឹងផ្តល់សេវាបន្ត នៅពេលនេះ។
ទោះបីជាបម្រាមនេះ គ្របដណ្តប់តែលើទឹកដីអ៊ីស្រាអែលដោយផ្ទាល់ក៏ដោយ វាមិនច្បាស់នោះទេថា វានឹងប៉ះពាល់ដល់ប្រតិបត្តិការនៅតំបន់ West Bank និងតំបន់ហ្កាហ្សា ដែលទីភ្នាក់ងារធ្លាប់ជាអ្នកផ្តល់សេវាធំ សម្រាប់ផ្នែកអប់រំ សុខភាព និងសេវាកម្មសំខាន់ៗផ្សេងទៀត។
អ៊ីស្រាអែលបានចោទប្រកាន់ថាទីភ្នាក់ងារនេះលំអៀងប្រឆាំងអ៊ីស្រាអែល ហើយថែមទាំងបានចោទប្រកាន់ថា ទីភ្នាក់ងារនេះត្រូវបានជ្រៀតចូលដោយសមាជិកក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបានបើកការវាយឆ្មក់ឆ្លងព្រំដែនដ៏បង្ហូរឈាមទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ ។ ការទទួលខុសត្រូវគួរតែត្រូវបានផ្ទេរទៅឲ្យស្ថាប័នអង្គការសហប្រជាជាតិផ្សេងទៀត ដូចជាអង្គការ UNHCR ជាទីភ្នាក់ងារជនភៀសខ្លួនសំខាន់របស់អង្គការពិភពលោក។