យោងតាមប្រភពចំនួន២ពីក្រុមមន្ត្រីអាមេរិក ដែលបានដឹងពីផែនការសម្រាប់ដំណើរទស្សនកិច្ចនេះឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu សង្ឃឹមថា នឹងជួបលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងទីក្រុងវ៉ាស៊ីនតោននៅដើមសប្ដាហ៍ក្រោយ។

ប្រសិនបើដំណើរទស្សនកិច្ចនេះកើតឡើងតាមផែនការនោះ លោក Netanyahu អាចជាមេដឹកនាំបរទេសដំបូងដែលបានជួបលោក Trump នៅសេតវិមាន ចាប់តាំងពីពិធីស្បថចូលកាន់តំណែងរបស់លោកកាលពីថ្ងៃទី២០មករាសប្តាហ៍មុន។

មន្ត្រីសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ព័ត៌មានលម្អិតអាចត្រូវបានរៀបចំនៅពេលដែលបេសកជនពិសេសមជ្ឈិមបូព៌ារបស់លោក Trump គឺលោក ស្តេវ វីតកូហ្វ (Steve Witkoff) ធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយលោក Netanyahu និងមន្ត្រីអ៊ីស្រាអែលផ្សេងទៀត។
លោក Trump បានបង្ហើបពីដំណើរទស្សនកិច្ចនាពេលខាងមុខនៅក្នុងការសន្ទនាជាមួយអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីកាលវិភាគនោះទេ។ លោកបាននិយាយថាលោកនឹងនិយាយជាមួយ Bibi Netanyahu ក្នុងពេលដ៏ខ្លីខាងមុខ។
ចំណែកអ្នកនាំពាក្យរបស់លោក Netanyahu គឺលោក Omer Dostri បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះនៅលើបណ្ដាញសង្គម X ថា មេដឹកនាំអ៊ីស្រាអែលពុំទាន់ទទួលបានការអញ្ជើញជាផ្លូវការទៅកាន់សេតវិមាននៅឡើយទេ៕