មន្ត្រីសុខាភិបាលនិយាយថា ការបាញ់ប្រហារដោយទាហានអ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងតិចពីរនាក់ និងរបួស ១៧នាក់ កាលពីថ្ងៃចន្ទ (២៧ មករា) នៅក្នុងថ្ងៃទីពីរនៃការតវ៉ាដ៏ហិង្សានៅភាគខាងត្បូងប្រទេសលីបង់ ខណៈអ្នកស្រុកភៀសខ្លួនដោយសង្រ្គាមរយៈពេល ១៤ខែរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានព្យាយាមត្រឡប់ទៅភូមិ ដែលនៅមានវត្តមានទាហានអ៊ីស្រាអែល។

ការប៉ះទង្គិចនោះបានកើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមនុស្សជាង ២០នាក់បានស្លាប់ និងរាប់រយនាក់របួស នៅពេលទាហានអ៊ីស្រាអែលបើកការបាញ់ប្រហារទៅលើក្រុមបាតុករ ដែលបានរំលោភលើការបិទផ្លូវនៅតាមព្រំដែន។

នៅក្រោមបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែវិច្ឆិកា កងកម្លាំងអ៊ីស្រាអែល ត្រូវដកចេញពីភាគខាងត្បូងលីបង់ ហើយក្រុមហេសបូឡា ត្រូវផ្លាស់ទៅភាគខាងជើងនៃទន្លេ លីតានី (Litani) ត្រឹមថ្ងៃទី២៦ ខែមករា។ ខណៈកងទ័ពលីបង់ និងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានដាក់ពង្រាយរួចហើយនៅក្នុងភូមិជាច្រើនមុនថ្ងៃកំណត់ ទាហានអ៊ីស្រាអែលនៅតែស្ថិតក្នុងភូមិរាប់សិបកន្លែង។

ការតវ៉ាបានបន្តកាលពីថ្ងៃចន្ទ ជាពិសេសនៅក្នុងភូមិព្រំដែនភាគខាងកើត ដែលអ្នកស្រុកព្យាយាមត្រឡប់ទៅផ្ទះសម្បែងម្តងទៀត។ យោធាអ៊ីស្រាអែល បានស្តីបន្ទោសក្រុមហេសបូឡាថាបានជំរុញមនុស្សឱ្យតវ៉ា ហើយនិយាយថា ទាហានបានបាញ់ព្រមានប៉ុណ្ណោះនៅពេលបាតុករចូលទៅជិត៕