យោធាអ៊ីស្រាអែលកាលពីថ្ងៃចន្ទ បាននិយាយថា ខ្លួនបាន «សម្លាប់ភេរវករចំនួន ១៥នាក់» និងបានចាប់ខ្លួនមនុស្ស ៤០នាក់ ក្នុងអំឡុងពេលការវាយឆ្មក់ដ៏ធំមួយ ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន នៅទីក្រុង Jenin នៃតំបន់វេសបែងដែលខ្លួនគ្រប់គ្រង។

ការវាយឆ្មក់នេះ បានចាប់ផ្តើម រយៈពេលពីរថ្ងៃបន្ទាប់ពីបទឈប់បាញ់មួយ បានចូលជាធរមាន នៅតំបន់ ហ្កាហ្សាស្ទ្រីប ដោយស្វែងរកការបញ្ចប់សង្រ្គាមរយៈពេលជាង ១៥ខែ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានបំផ្លាញទឹកដីឆ្នេរប៉ាឡេស្ទីនស្ទើរតែស្រុង។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលប្រតិបត្តិការ នៅទីក្រុង Jenin ថា កងទ័ព បានរឹបអូសអាវុធរាប់សិបដើម និង «បានរកឃើញគ្រឿងផ្ទុះ ដែលលាក់ទុកក្នុងម៉ាស៊ីនបោកគក់ ក្នុងអគារមួយ នៅក្នុងទីក្រុងនេះ»។
យោធានេះ បានបន្តថា ទាហាន«ក៏បានកម្ទេចចោលគ្រឿងផ្ទុះរាប់សិបគ្រាប់ ដែលត្រូវដាក់បង្កៃ នៅក្រោមផ្លូវនានា ដែលមានបំណងវាយប្រហារលើកងទ័ព»។
យោធាអ៊ីស្រាអែល បានបញ្ជាក់ថា ក្នុងអំឡុងពេលប្រតិបត្តិការមួយផ្សេងទៀត «មជ្ឈមណ្ឌលបញ្ជាការសង្កេតការណ៍មួយ មានទីតាំងនៅទីនោះ ដោយមានផ្ទុកធុងហ្គាស ដែលមានបំណងផលិតគ្រឿងផ្ទុះ»។