ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងរៀបចំក្រឹត្យដែលឲ្យមានខែលការពារ «ជំនាន់ក្រោយ» ដើម្បីការពារសហរដ្ឋអាមេរិក ប្រឆាំងនឹងមីស៊ីលបាលីស្ទិក និងការវាយប្រហាររយៈចម្ងាយឆ្ងាយផ្សេងទៀត ដោយព្យាយាមដោះស្រាយនូវគោលបំណងដែលរដ្ឋបាលពីមុន រួមទាំងលោកផ្ទាល់ផងដែរ ពិបាកសម្រេចបាន។
យោងតាមឯកសាររបស់សេតវិមាន ស្តីពីក្រឹត្យនាពេលខាងមុខ បានឲ្យដឹងថា «ការគំរាមកំហែងពីការវាយប្រហារដោយមីស៊ីលបាលីស្ទិក តម្រង់គោលដៅ និងល្បឿនលឿនជាងសំឡេង នៅតែជាការគំរាមកំហែងដ៏មហន្តរាយដែលសហរដ្ឋអាមេរិក កំពុងប្រឈមជាមួយ»។ ឯកសារនោះឲ្យដឹងបន្ថែមថា លោក Trump នឹងបញ្ជាឲ្យផលិតខែលការពារ «Iron Dome» ដោយប្រៀបធៀបវាទៅនឹងប្រព័ន្ធការពារដ៏ខ្លាំងរបស់អ៊ីស្រាអែលដែលត្រូវបានផលិតឡើងតាមរយៈការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និងដែលត្រូវបានរចនាឡើង ដើម្បីដោះស្រាយការគំរាមកំហែងនានា ដោយរួមទាំងមានការគំរាមកំហែងពីយានដ្រូន រ៉ូកែត និងមីស៊ីលតម្រង់គោលដៅ។

ប្រព័ន្ធការពារបែបនេះ ត្រូវតែដំណើរការឲ្យបានល្អលើសពីអ្វីដែលប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែលធ្វើបាន ប្រសិនបើចង់គ្របដណ្តប់ដែនដីសហរដ្ឋអាមេរិកទាំងអស់។ អង្គភាព Raytheon របស់ក្រុមហ៊ុន RTX Corp ដែលផលិតប្រព័ន្ធការពារ Iron Dome តាមរយៈការសម្របសម្រួលជាមួយក្រុមហ៊ុនផលិតប្រព័ន្ធការពារកម្រិតខ្ពស់ Rafael របស់អ៊ីស្រាអែល ប្រាប់ឲ្យដឹងថា មីស៊ីល Tamir របស់ប្រព័ន្ធនេះ អាចបាញ់ទម្លាក់អាវុធដែលបានបាញ់ចេញពីចម្ងាយពី ៤គីឡូម៉ែត្រ ទៅ ៧០គីឡូម៉ែត្រ។
ក្រឹត្យរបស់ប្រធានាធិបតីនេះ ស្វែងរកការពន្លឿនការផលិត និងការចែកចាយប្រព័ន្ធថ្មី ដើម្បីតាមដាន និងស្ទាក់ចាប់មីស៊ីល នាពេលខាងមុខ ក៏ដូចជាបាញ់កម្ទេច មុនពេលត្រូវបានបាញ់បង្ហោះ។ ឯកសារសេតវិមាន ស្តីពីក្រឹត្យដែលបានគ្រោងទុក ត្រូវបានរាយការណ៍មុននេះ ដោយសារព័ត៌មាន CNN។
អាមេរិកមានប្រព័ន្ធខែលការពារមីស៊ីលរួចជាស្រេចហើយ ដោយមានប្រព័ន្ធការពារដែនអាកាសរយៈកម្ពស់ខ្ពស់ ក៏ដូចជាប្រព័ន្ធ Aegis នៅលើនាវាចម្បាំង និងក្រុម Patriot ព្រមទាំងឧបករណ៍ស្ទាក់ចាប់បាញ់ចេញពីដី។ ប៉ុន្តែក្រសួងការពារជាតិ បានប្រឹងប្រែងបង្កើតខែលការពារ សម្រាប់ដែនដីអាមេរិកទាំងអស់៕

