ទីភ្នាក់ងារសារព័ត៌មាន Petra បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រទេសហ្ស៊កដានី បានជំរុញសហគមន៍អន្តរជាតិ ឲ្យផ្តល់ជំនួយបន្ថែមទៀត ដើម្បីជួយដល់ចំនួនជនភៀសខ្លួនដែលកំពុងកើនឡើង នៅក្នុងប្រទេសនេះ។
រដ្ឋមន្ត្រីមហាផ្ទៃលោក Mazen Farrayeh បាននិយាយថា ហ្ស៊កដានី មានជនភៀសខ្លួនជាង១,៣៥លាននាក់ ដោយមានកុមារស៊ីរី ២៣៣.000នាក់ បានកើត តាំងពីឆ្នាំ ២០១១ ដែលធ្វើឲ្យក្លាយជាប្រទេសទទួលជនភៀសខ្លួនច្រើនជាងគេបំផុតរបស់ពិភពលោកដែលទាក់ទងនឹងចំនួនប្រជាជនរបស់ខ្លួន។
ថ្លែងក្នុងវេទិការយៈពេលមួយថ្ងៃ នៅទីក្រុងអាម៉ាន ( Amman) ក្រោមចំណងជើងថា «ការទទួលយកទំនើបភាវូបនីយកម្ម៖ បញ្ញាសិប្បនិម្មិត និងការផ្លាស់ប្តូរតាមប្រព័ន្ធឌីជីថល ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងព្រំដែន» លោករដ្ឋមន្ត្រី បាននិយាយថា រដ្ឋាភិបាលផ្តល់អាទិភាពដល់តម្រូវការរបស់ប្រជាពល រដ្ឋរបស់ខ្លួន។
លោកបាននិយាយថា ហ្ស៊កដានីមិនមែនជាទីជម្រករបស់ជនភៀសខ្លួនទេ ហើយថា ចំនួនជំនួយដែលបានផ្តល់ដើម្បីគាំទ្រពួកគេ «មិនបានបំពេញតាមកម្រិតដែលត្រូវការទេ» ។
លោក Farrayeh បាននិយាយថា លំហូរជនភៀសខ្លួន បានធ្វើឲ្យមានភាពតានតឹងផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង ទៅលើរដ្ឋាភិបាលហ្ស៊កដានី។
លោកបានបញ្ជាក់ថា មានការផ្តល់មូលនិធិតិចជាងពីសហគមន៍អន្តរជាតិ ដែលមានតែ ៥,៨ ភាគរយនៃជំនួយដែលត្រូវការ ដើម្បីជួយជនភៀសខ្លួនមកពីប្រទេសស៊ីរី។