ជនភៀសខ្លួន ទាហានកុងហ្គោដែលព្រមចុះចាញ់ក្នុងការប្រយុទ្ធគ្នា និងរថយន្តដឹកទំនិញដែលជាប់គាំង បានសម្រុកភៀសខ្លួនចូលព្រំដែនប្រទេសរ្វ៉ាន់ដា កាលពីថ្ងៃអង្គារ (២៨ មករា) ដោយសង្ឃឹមថានឹងអាចទទួលបានសុវត្ថិភាព បន្ទាប់ពីពួកឧទ្ទាម M23 បានដណ្តើមកាន់កាប់ទីក្រុង Goma របស់កុងហ្គោ និងបានជំរុញឱ្យពួកគេត្រូវបង្ខំចិត្តរត់គេចពីការប្រយុទ្ធគ្នា។

ស្នូរកាំភ្លើង និងការផ្ទុះអាចត្រូវបានគេឮចេញពីទីក្រុង Goma កាលពីល្ងាចថ្ងៃចន្ទ និងព្រឹកថ្ងៃអង្គារនៅក្នុងស្រុក Rubavu លើព្រំប្រទល់ភាគឦសាននៃប្រទេសរ្វ៉ាន់ដា ជាមួយកុងហ្គោ ខណៈការតវ៉ាដ៏ហិង្សាបានផ្ទុះឡើងពាសពេញរដ្ឋធានីគីនស្ហាណា។ ពេញមួយយប់ ប្រជាជនបានរង់ចាំនៅម្ខាងនៃព្រំដែនកុងហ្គោ ដោយមានពូក ភួយខ្នើយ បង្វិច និងរបស់របរមួយចំនួនដែលពួកគេអាចយកបាន។

នគរបាលបានប៉ះទង្គិចជាមួយបាតុករដែលបានវាយប្រហារអគារការទូតក្នុងទីក្រុងគីនស្ហាណា រួមទាំងបរិវេណអង្គការសហប្រជាជាតិ និងស្ថានទូតបារាំង និងអាមេរិក។ ការបះបោររយៈពេល ៣ឆ្នាំនៅប្រទេសកុងហ្គោ បានកើនឡើងខ្លាំងចាប់តាំងពីដើមឆ្នាំនេះមក ដោយបង្ខំមនុស្សប្រហែល ៤០០.០០០នាក់ ឱ្យចេញពីផ្ទះសម្បែងរបស់ពួកគេ។
ដូចនៅក្នុងវិបត្តិសន្តិសុខពីមុនៗដែរនៅក្នុងតំបន់ហែកហួរដោយក្រុមឧទ្ទាមមួយនេះ ជនភៀសខ្លួនមួយចំនួនបានធ្វើដំណើរទៅកាន់រ្វ៉ាន់ដា បើទោះបីជាកុងហ្គោ និងអង្គការសហប្រជាជាតិ ចោទប្រកាន់ប្រទេសជិតខាងមួយនេះថាបានដុតបញ្ឆេះម្លោះមួយនេះ ដោយប្រើកងទ័ព និងអាវុធផ្ទាល់ខ្លួនក៏ដោយ៕