គេហទំព័រព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃអង្គារនេះ សហរដ្ឋអាមេរិក បានបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ប្រមាណ ៩០គ្រឿង ពីប្រទេសអ៊ីស្រាអែល ទៅកាន់ប្រទេសប៉ូឡូញ ក្នុងសប្តាហ៍នេះ ដើម្បីបញ្ជូនពួកវា ទៅកាន់ប្រទេសអ៊ុយក្រែន។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយក្នុងការឆ្លើយតបនឹងរបាយការណ៍នោះថា៖ «យើងបានឃើញរបាយការណ៍នេះហើយ ប៉ុន្តែពុំមានអ្វីត្រូវផ្តល់ នៅពេលនេះទេ»។
អ្នកនាំពាក្យការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានបញ្ជាក់ប្រាប់ Axios ថា ប្រព័ន្ធប្រឆាំងមីស៊ីល Patriot ត្រូវបានប្រគល់ជូនសហរដ្ឋអាមេរិកវិញហើយ ដោយបន្ថែមថា «យើងមិនបានគេដឹងថាតើពួកវាត្រូវបានបញ្ជូនទៅឲ្យអ៊ុយក្រែនឬយ៉ាងណាទេ»។
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) បានថ្លែងកាលពីថ្ងៃអង្គារថា លោកបាននិយាយជាមួយលោក ណេតាន់យ៉ាហ៊ូ។ លោក ហ្សេឡិនស្គី បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ពួកយើងបានពិភាក្សាអំពីមជ្ឈិមបូព៌ា ទំនាក់ទំនងទ្វេភាគី និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករានេះ។ ការបង្ហោះនោះ មិនបាននិយាយអំពីប្រព័ន្ធមីស៊ីលនោះទេ។