មេដឹកនាំស៊ីរីតាមជាក់ស្ដែងរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa ត្រូវបានប្រកាសជាប្រធានាធិបតី សម្រាប់ដំណាក់កាលអន្តរកាល កាលពីថ្ងៃពុធ (២៩ មករា) ដោយបានពង្រឹងការកាន់អំណាចរបស់ខ្លួនបន្ថែមទៀត តិចជាងពីរខែបន្ទាប់ពីលោកបានដឹកនាំយុទ្ធនាការមួយដែលផ្តួលរំលំលោក Bashar al-Assad ។

លោក Sharaa ក៏ត្រូវបានផ្តល់អំណាចដើម្បីបង្កើតក្រុមប្រឹក្សានីតិបញ្ញត្តិបណ្តោះអាសន្នមួយសម្រាប់រយៈពេលអន្តរកាល ហើយរដ្ឋធម្មនុញ្ញស៊ីរីត្រូវបានផ្អាក នេះបើយោងតាមការប្រកាសដែលធ្វើឡើងដោយបញ្ជាការយោធា ដែលជាអ្នកដឹកនាំការវាយលុកប្រឆាំងនឹងលោក Assad។

ការសម្រេចនេះបានកើតចេញពីកិច្ចប្រជុំរបស់មេបញ្ជាការយោធាដែលបានចូលរួមក្នុងការវាយប្រហារនោះ ជាយុទ្ធនាការដែលដឹកនាំដោយក្រុមអ៊ិស្លាមនិយម HTS របស់លោក Sharaa ដែលជាអតីតសាខារបស់ក្រុមអាល់កៃដា។

ថ្លែងនៅក្នុងសន្និសីទនោះ លោក Sharaa និយាយថា អាទិភាពទីមួយក្នុងស៊ីរី គឺការបំពេញភាពទំនេរក្នុងរដ្ឋាភិបាល "តាមមធ្យោបាយស្របច្បាប់ និងបទបញ្ញត្តិ"។ លោក Sharaa បានសន្យាថានឹងចាប់ផ្តើមការផ្លាស់ប្តូរនយោបាយ រួមទាំងសន្និសីទជាតិ រដ្ឋាភិបាលបែបបរិយាបន្ន និងការបោះឆ្នោត ដែលលោកនិយាយថាអាចចំណាយពេលដល់ទៅ ៤ឆ្នាំដើម្បីរៀបចំ៕