ប្រជាជនចិនជាច្រើនបានជ្រើសរើសប្រារព្ធថ្ងៃដំបូងនៃពីធីបុណ្យចូលឆ្នាំចិន ឆ្នាំម្សាញ់(ពស់)កាលពីថ្ងៃពុធដោយការទស្សនាខ្សែភាពយន្ត ដែលរុញការិយាល័យលក់សំបុត្រ ឬ Box Office រកចំណូលបានយ៉ាងច្រើនក្នុងកំណត់ត្រាការលក់សបុត្រចូលទស្សនា។

គិតត្រឹមម៉ោង ៤:២៣ រសៀល កាលពីថ្ងៃពុធសប្ដាហ៍នេះ ប្រាក់ចំណូល Box Office របស់ប្រទេសចិនក្នុងអំឡុងថ្ងៃឈប់សម្រាកពីធីបុណ្យចូលឆ្នាំចិន ឬបុណ្យនិទាឃរដូវ រួមទាំងសំបុត្រដែលបានលក់មុន បានហក់ឡើងជាង២ពាន់លានយ័ន ស្មើជាង២៧៦លានដុល្លារ នេះបើយោងតាមស្ថាប័នតាមដានការលក់សបុត្រទស្សនាខ្សែភាពយន្ត Box Office Dengta Data ។

ខ្សែភាពយន្តចំនួន៦ដែលត្រូវបានគ្រោងចាក់បញ្ចាំងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក មានដូចជារឿង "The Legend of the Condor Heroes: The Great Hero", "Ne Zha 2", "Detective Chinatown 1900", "Creation of the Gods II: Demon Force," "Operation Hadal " និង រឿង"Boonie Bears: Future Reborn" ។ ភាពយន្តទាំងបួនដំបូងក្នុងចំណោមភាពយន្តទាំងនេះរកប្រាក់ចំណូលបានជាង ២០០លានយ័នពីលក់សំបុត្រមុនការលក់ជាផ្លូវការ ធ្វើឱ្យក្លាយជារយៈពេលលក់មុនថ្ងៃកំណត់ដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ។

ខ្សែភាពយន្ដទាំង៦ផ្តល់នូវភាពចម្រុះនៃប្រភេទរឿង និងខ្លឹមសារ ដែលតម្រូវទៅតាមចំណូលចិត្តទស្សនិកជនជាច្រើន។ បើប្រៀបធៀបទៅនឹងការលក់សំបុត្រកាលពីបុណ្យនិទាឃរដូវឆ្នាំមុន ដែលគ្របដណ្ដប់ដោយរឿងកំប្លែង និងរឿងភាគ ការជ្រើសរើសនៅឆ្នាំនេះរួមមានប្រភេទរឿងបែប ទេវកថា រឿងនិទាន រឿងសង្រ្គាម ដំណើរផ្សងព្រេង សិល្បៈក្បាច់គុន គំនូរជីវចល កំប្លែង និងប្រឌិតបែបវិទ្យាសាស្ត្រ៕