ក្រុមចម្រុះដែលកំពុងកាន់អំណាចនៅប្រទេសស៊ែរប៊ី បានចាប់ផ្តើមកិច្ចពិភាក្សាដើម្បីបង្កើតរដ្ឋាភិបាលថ្មី កាលពីថ្ងៃពុធ ទី២៩ ខែមករា បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Milos Vucevic បានលាលែងពីតំណែង កាលពីថ្ងៃអង្គារ ក្នុងពេលមានការតវ៉ា ហើយប្រធានាធិបតី លោក Aleksandar Vucic បានស្ថិតនៅលើលទ្ធភាពនៃការបោះឆ្នោតមុនអាណត្តិ នៅក្នុងខែមេសា។

លោក Vucevic បានក្លាយជាមន្ត្រីជាន់ខ្ពស់ម្នាក់ដែលលាចេញពីដំណែង បន្ទាប់ពីមានការបាក់រលំដំបូលនៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង Novi Sad កាលពីខែវិច្ឆិកា ដែលបានបណ្តាលឲ្យមនុស្ស ១៥ នាក់ស្លាប់ និងបង្កឲ្យមានបាតុកម្មជាច្រើនខែ ជុំវិញការធ្វេសប្រហេសរបស់រដ្ឋាភិបាល។

ការតវ៉ាបានធ្វើឲ្យរង្គោះរង្គើរដល់លោក Vucic ដែលជាប្រជានិយមមួយរូប បានកាន់តំណែងចាប់តាំងពីលោកបានក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០១៤ និងជាប្រធានាធិបតីនៅឆ្នាំ២០១៧។
ឧប្បត្តិហេតុ បាក់រលំដំបូលនៅស្ថានីយរថភ្លើងក្នុងទីក្រុង Novi Sad បានធ្វើឱ្យមានកំហឹងថា លោកVucic និងគណបក្សស៊ែរប៊ីជឿនលឿន (SNS) របស់លោក ពុករលួយ សូកប៉ាន់អ្នកបោះឆ្នោត រារាំងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងជាប់ពាក់ព័ន្ធជាមួយឧក្រិដ្ឋកម្មរៀបចំទុក ដែលការចោទប្រកាន់ទាំងអស់នេះ លោកនិងគណបក្សរបស់លោក បានច្រានចោល។
ផ្លូវនានានៅក្នុងទីក្រុង Belgrade មានសភាពស្ងប់ស្ងាត់កាលពីថ្ងៃពុធ ប៉ុន្តែក្រុមនិស្សិតនិយាយថា ពួកគេនឹងបន្តប្រមូលផ្តុំគ្នារហូតដល់ការទាមទាររបស់ពួកគេត្រូវបានបំពេញ ដោយនិយាយថា រួមទាំងអ្នកទាំងឡាយដែលពួកគេដាក់កំហុសចំពោះមហន្តរាយនៅស្ថានីយ៍រថភ្លើង ត្រូវតែទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និងបញ្ចប់ការកាត់ទោសនិស្សិតដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលតវ៉ា។