ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា ក្រសួងបានផ្អាកដោយផ្នែកនៃកម្មវិធីជំនួយបរទេសរបស់ខ្លួន និងកម្មវិធីជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ដើម្បីពិនិត្យមើលឡើងវិញ និងធ្វើឱ្យប្រាកដថា ពួកគេស្របតាមគោលនយោបាយរបស់ប្រធានាធិបតី លោក Donald Trump ។

នៅថ្ងៃទី២០ ខែមករា ជាថ្ងៃដំបូងរបស់ប្រធានាធិបតីដែលបានចូលកាន់តំណែង លោក Trump បានចុះហត្ថលេខាលើក្រឹត្យដែលតម្រូវឱ្យផ្អាកជំនួយបរទេសរយៈពេល៩០ថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានការវាយតម្លៃនិងការរៀបចំ ឡើងវិញ។
ក្រសួងការបរទេស បាននិយាយថា រដ្ឋមន្ត្រី លោក Marco Rubio បានផ្អាកជំនួយបរទេស ដែលផ្តល់មូលនិធិតាមរយៈក្រសួង និងសាខារបស់ខ្លួន អង្គការ USAID។ ក្រសួងបាននិយាយថា ចំណាត់ការកំពុងត្រូវបានធ្វើឡើងក្នុងគោលបំណងពិនិត្យមើលឡើងវិញដើម្បីធានាបានថា កម្មវិធីជំនួយមានប្រសិទ្ធភាព និងស្របតាមគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ក្រោម «របៀបវារៈ America First»។

ក្រសួងនិយាយថា ការលើកលែងជាក់លាក់ រួមមានការផ្តល់ហិរញ្ញវត្ថុយោធាបរទេស សម្រាប់ប្រទេសអ៊ីស្រាអែល និងប្រទេសអេហ្ស៊ីប ព្រមទាំងជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បាននិយាយថា លោក Rubio ក៏បានព្រមព្រៀងលើការលើកលែងសម្រាប់ជំនួយមនុស្សធម៌ផងដែរ ដូចជាឱសថ សេវាវេជ្ជសាស្រ្ត ស្បៀងអាហារ និងទីជម្រក។ ប៉ុន្តែកម្មវិធីមួយចំនួន ដូចជាកម្មវិធីដែលពាក់ព័ន្ធនឹងការម្លូតកូន និងការវះកាត់កែភេទ នឹងត្រូវពិនិត្យមើលឡើងវិញ។