ប្រភព បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃពុធថា គណៈកម្មាធិការថវិការបស់ប្រទេសអាល្លឺម៉ង់ បានអំពាវនាវឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Joerg Kukies យល់ព្រមបន្ថែមទឹកប្រាក់ ៣ពាន់លានអឺរ៉ូ (៣,១៣ពាន់លានដុល្លារ) ជាជំនួយយោធា សម្រាប់អ៊ុយក្រែន។
សំណើនេះត្រូវបានអនុម័តដោយគណៈកម្មាធិការថវិកានៃសភា ដោយមានការបោះឆ្នោតពីគណបក្សអភិរក្សនិយម CDU និងគណបក្សប្រជាធិបតេយ្យសេរី (FDP) ខណៈមានសំឡេងអនុបវាទពីគណបក្សកំពុងកាន់អំណាច គឺបក្សសង្គមប្រជាធិបតេយ្យ (SPD) និង Greens។ នេះបើយោងតាមសមាជិករបស់គណៈកម្មាធិការ។
គណៈកម្មាធិការនេះ មិនអាចសម្រេចលើជំនួយបន្ថែម សម្រាប់អ៊ុយក្រែន ដោយគ្មានការយល់ព្រមពីរដ្ឋមន្ត្រីហិរញ្ញវត្ថុនោះឡើយ។ តែទោះជាយ៉ាងណា ក្នុងការអនុវត្តតាមទម្លាប់ ក្រសួងអនុវត្តតាមសំណើដែលបានអនុម័តដោយគណៈកម្មាធិការ។
សមាជិកគណៈកម្មាធិការថវិកាមកពីគណបក្ស CDU និង FDP បាននិយាយថា មានថវិកាគ្រប់គ្រាន់នៅក្នុងកញ្ចប់ថវិកា សម្រាប់សំណើនេះ។ អធិការបតី លោក Olaf Scholz មកពីបក្ស SPD ក៏គាំទ្រជំនួយយោធាបន្ថែមនេះដែរ ប៉ុន្តែរហូតមកដល់ពេលនេះ លោកបានទទូចថា ករណីនេះអាចត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយមានការលើកលែងការកម្រិតបំណុល ដើម្បីអនុញ្ញាតឲ្យមានកម្ចីបន្ថែម៕