ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមករា) បានប្រាប់ឲ្យដឹងថា លោកគ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ ក្នុងនោះរួមទាំងបញ្ហាអន្តោប្រវេសន៍ផងដែរ ជាកិច្ចប្រឹងប្រែងមួយ ដើម្បីមានឥទ្ធិពលលើគោលនយោបាយដែលលោកបាននិយាយថា អាចប៉ះពាល់ដល់ប្រជាជនហ្វីលីពីនមួយចំនួនធំ នៅសហរដ្ឋអាមេរិក។
ដោយមិនបានបញ្ជាក់ឲ្យដឹងថា តើជំនួបនោះ កើតឡើងពេលណា លោក Marcos បាននិយាយថា៖ «យើងនឹងឃើញពីរបៀប ដែលយើងអាចមានឥទ្ធិពលលើការបង្កើតគោលនយោបាយជួយដល់បញ្ហាអន្តោប្រវេសន៍»។
ជាមួយគ្នានេះ ដោយថ្លែងទៅកាន់អ្នកសារព័ត៌មានលើប្រធានបទផ្សេងៗ លោក Marcos ក៏បានលើកឡើងផងដែរថា លោកនឹងប្រគល់ប្រព័ន្ធមីស៊ីល Typhon ទៅឲ្យសហរដ្ឋអាមេរិកវិញ ប្រសិនបើប្រទេសចិនបោះបង់នូវអ្វីដែលលោកបាននិយាយថា ជាអាកប្បកិរិយាឈ្លានពាន និងបង្ខិតបង្ខំ ហើយនិងបញ្ឈប់ការទាមទារដែនដីរបស់ខ្លួន នៅសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា ប្រទេសចិនបានប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការដាក់ពង្រាយប្រព័ន្ធមីស៊ីលរបស់សហរដ្ឋអាមេរិក សម្រាប់សមយុទ្ធ នៅក្នុងប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តការពារជាតិរបស់ទីក្រុងវ៉ាស៊ីនតោន ហើយបានអំពាវនាវម្តងហើយម្តងទៀតឲ្យដកចេញ៕