ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ប្រអប់ខ្មៅដែលមានទិន្នន័យហោះហើរ និងឧបករណ៍ថតសំឡេងក្នុងបន្ទប់យន្តហោះ ត្រូវបានរកឃើញពីយន្តហោះដឹកអ្នកដំណើរដែលធ្លាក់ចូលទៅក្នុងទន្លេ Potomac នៃទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការប៉ះទង្គិចគ្នាកណ្តាលអាកាសជាមួយឧទ្ធម្ភាគចក្រយោធា ខណៈការស៊ើបអង្កេតស្វែងរកមូលហេតុនៃគ្រោះថ្នាក់នេះបានចាប់ផ្ដើម។

ប្រភពដែលដឹងពីការស៊ើបអង្កេតបានបញ្ជាក់ប្រាប់សារព័ត៌មាន CBS និង ABC កាលពីថ្ងៃព្រហស្បតិ៍ (៣០ មករា) ថា ឧបករណ៍ថតសំឡេងដែលគេស្គាល់ជាទូទៅថាជាប្រអប់ខ្មៅនោះ ត្រូវរកឃើញពីយន្តហោះធ្លាក់ដែលដំណើរការដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ American Airlines ហើយនឹងត្រូវបានវិភាគដោយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ ដែលដឹកនាំការស៊ើបអង្កេតនេះ។

ការស៊ើបអង្កេតគឺស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ដោយមន្ត្រីមកពីក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិបាននិយាយថា អាទិភាពរបស់ពួកគេគឺការស្រង់សាកសពជនរងគ្រោះ ការវិភាគប្រអប់ខ្មៅ និងរក្សាទុកភស្តុតាងនៅកន្លែងកើតហេតុ។
អ្នកស៊ើបអង្កេតមានបំណងបង្កើតរបាយការណ៍បឋមស្តីពីគ្រោះថ្នាក់ និងមូលហេតុនៃឧប្បត្តិហេតុនេះក្នុងពេល ៣០ថ្ងៃ។ ក្រុមមន្ត្រីនិយាយថា ពុំមានអ្នកនៅរស់ទេក្នុងចំណោមមនុស្ស ៦៤នាក់លើយន្តហោះក្នុងតំបន់របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដែលហៀបចុះចតនៅអាកាសយានដ្ឋានជាតិ Reagan និងបុគ្គលិកយោធា ៣នាក់នៅលើឧទ្ធម្ភាគចក្រ Black Hawk ពីមូលដ្ឋានអាកាសរដ្ឋ Virginia៕