ស្ថានភាពដ៏ច្របូកច្របល់ជុំវិញការដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល និងថៃ នៅតំបន់ហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានទាក់ទាញការថ្កោលទោសពីក្រុមមេដឹកនាំអ៊ីស្រាអែល និងការពន្យារពេលបណ្តោះអាសន្នក្នុងការដោះលែងអ្នកទោសប៉ាឡេស្ទីន ដែលទីបំផុតត្រូវបានដោះលែងនៅពេលក្រោយក្នុងថ្ងៃដដែល។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានពន្យារពេលជាច្រើនម៉ោង លើកិច្ចព្រមព្រៀងដែលបានយល់ព្រមដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីន១១០នាក់ រួមទាំងអនីតិជនរាប់សិបនាក់ បន្ទាប់ពីរូបភាពផ្សាយផ្ទាល់ត្រូវបានផ្សាយពាសពេញប្រទេសអ៊ីស្រាអែល នៃហ្វូងមនុស្សរាប់ពាន់នាក់កំពុងចោមរោម និងអបអរសាទរ ខណៈចំណាប់ខ្មាំងត្រូវបានប្រគល់ទៅឱ្យកាកបាទក្រហមនៅទីក្រុងKhan Younis កណ្តាលដែនដីហ្កាហ្សា ។

លោកបានហៅស្ថានភាពដ៏ច្របូកច្របល់ទាំងនោះថាជារឿងគួរឲ្យតក់ស្លុត ហើយទាមទារការធានាពីក្រុមអ្នកដែលសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់ គឺកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ថាមិនត្រូវបណ្ដោយឲ្យឧបទ្ទវហេតុបែបនេះ កើតឡើងម្តងទៀតឡើយ។

ការដោះលែងកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សម្រាប់ទាហានអ៊ីស្រាអែលជាស្ត្រីដែលចាប់ឃុំខ្លួន ឈ្មោះ Agam Berger នៅតំបន់ជំរំJabalya ភាគខាងជើង ហ្កាហ្សា បានដំណើរការដោយគ្មានឧបទ្ទវហេតុ ជាដំណាក់កាលគ្រប់គ្រងបានល្អ ដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានដង្ហែរូបនាងនៅមុខកាមេរ៉ា ហើយបន្ទាប់មកបានប្រគល់នាងទៅឱ្យក្រុមតំណាងមកពីគណៈកម្មាធិការអន្តរជាតិសម្រាប់កាកបាទក្រហម៕