ក្រុមហាម៉ាស ទើបតែបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (៣០ មករា) អំពីការស្លាប់របស់ប្រមុខយោធារបស់ខ្លួនគឺលោក Mohammed Deif ដែលត្រូវបានចោទប្រកាន់ដោយអ៊ីស្រាអែល ថាជាមេខ្លោងម្នាក់នៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ និងជាការសម្លាប់ដែលអ៊ីស្រាអែល បានប្រកាសតាំងតែឆ្នាំមុនមក។

អ្នកនាំពាក្យក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស បានប្រកាសពីការស្លាប់នោះ ដោយលើកឈ្មោះលោក Mohammed Deif ដែលជាប្រធានបុគ្គលិកនៃកងពលតូចអាល់-កាសាម និងលោក Marwan Issa ដែលជាអនុប្រធានបុគ្គលិកក្នុងចំណោមអ្នកស្លាប់ជាច្រើនទៀត។

ក្រុមហាម៉ាសមិនដែលបានបញ្ជាក់ពីរឿងនោះទេ ជាច្រើនខែបន្ទាប់ពីយោធាអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំមុនថា ខ្លួនបានសម្លាប់លោក Deif នៅក្នុងការវាយប្រហារតាមអាកាសនៅតំបន់ហ្កាហ្សា កាលពីខែមុននោះ។

លោក Mohammed Deif បានក្លាយជាប្រធានស្លាបប្រដាប់អាវុធអាល់-កាសាម របស់ក្រុមហាម៉ាស ក្នុងឆ្នាំ២០០២។ លោកស្ថិតក្នុងចំណោមជនដែលអ៊ីស្រាអែលតាមប្រមាញ់អស់រយៈពេលជិត ៣ទសវត្សរ៍មកហើយ និងស្ថិតនៅក្នុងបញ្ជី "ភេរវករអន្តរជាតិ" របស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៥មក៕