សេចក្តីថ្លែងការណ៍របស់តុលាការ បានឲ្យដឹងថា តុលាការថៃ នៅថ្ងៃសុក្រ (៣១ មករា) បានផ្តល់ការអនុញ្ញាតឲ្យអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ធ្វើដំណើរទៅក្រៅប្រទេសបាន ជាករណីលើកលែងដ៏កម្រមួយ ចំពោះចុងចោទដែលប្រឈមនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ។
គួររំលឹកថា លោកមហាសេដ្ឋីវ័យ ៧៥ឆ្នាំរូបនេះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច បន្ទាប់ពីរូបលោកបានត្រលប់ទៅប្រទេសថៃវិញ កាលពី ២ឆ្នាំមុន ក្រោយរស់នៅនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ តែលោកត្រូវបានព្រះមហាក្សត្រលើកលែងទោស នៅ ៦ខែក្រោយ។
កាលពីឆ្នាំមុន លោក ថាក់ស៊ីន ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ជុំវិញការបញ្ចេញមតិដែលលោកបានធ្វើឡើងជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាល ៩ឆ្នាំមុន ហើយនឹងត្រូវប្រឈមជាមួយការជំនុំជម្រះក្ដី នៅខែកក្កដា។
ច្បាប់របស់ប្រទេសថៃ បានចែងថា ជនជាប់ចោទដែលប្រឈមនឹងការកាត់ទោស ត្រូវតែស្ថិតនៅក្នុងប្រទេស ប្រសិនបើមិនមានការអនុញ្ញាតពិសេសពីតុលាការទេនោះ។
នៅថ្ងៃសុក្រនេះ តុលាការបានសម្រេចអនុញ្ញាតឲ្យលោកចេញទៅក្រៅប្រទេសបាន ដោយលើកឡើងពី «អត្ថប្រយោជន៍នៃទំនាក់ទំនងអន្តរជាតិ» ជាហេតុផល សម្រាប់ការព្រមឲ្យចាកចេញជាបណ្តោះអាសន្ននេះ ទោះបីជាស្ថាប័នមិនបានបញ្ជាក់លម្អិត អំពីគោលបំណងនៃការធ្វើដំណើរនេះក៏ដោយ៕

