រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃសុក្រ (ទី៣១ ខែមករា) បាននិយាយថា ជាថ្មីម្ដងទៀត សហរដ្ឋអាមេរិកនឹងរឹតបន្តឹងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអង្គភាពជាច្រើនដែលមានទំនាក់ទំនងជាមួយយោធា និងរដ្ឋាភិបាលគុយបា ដោយការសម្រេចនេះកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីរដ្ឋបាលរបស់លោក Joe Biden បានស្វែងរកការបន្ធូរបន្ថយទណ្ឌកម្មទាំងនោះ។
លោក Rubio បានប្រាប់ថា រដ្ឋបាលរបស់លោក Donald Trump នឹងបង្កើតឡើងវិញនូវ «បញ្ជីរឹតបន្តឹងលើគុយបា» ដែលហាមឃាត់ប្រតិបត្តិការមួយចំនួនជាមួយក្រុមហ៊ុនស្ថិតនៅក្រោមការគ្រប់គ្រង ឬធ្វើសកម្មភាពសម្រាប់ ឬតំណាងឲ្យ ដោយចំណាត់ការនេះជា «ការគាបសង្កត់» លើយោធា ចារកម្ម ឬសេវាសន្តិសុខ ឬបុគ្គលិករបស់គុយបា។
លោក Biden បានលុបចោលបញ្ជីរឹតបន្តឹងលើគុយបា ស្របពេលជាមួយគ្នា ដកគុយបាចេញពីបញ្ជីខ្មៅភេរវកម្មរបស់សហរដ្ឋអាមេរិក និងធ្វើឲ្យបុគ្គលម្នាក់ៗជួបការលំបាកក្នុងការដាក់ពាក្យបណ្ដឹង នៅក្នុងតុលាការសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការរឹបអូសទ្រព្យសម្បត្តិ បន្ទាប់ពីមានបដិវត្តន៍របស់លោក Fidel Castro ក្នុងឆ្នាំ១៩៥៩។
ចាប់តាំងពីពេលនោះមក លោក Trump បានបដិសេធរាល់វិធានការរបស់លោក Biden ដែលជាសញ្ញាបង្ហាញពីជំហរថ្មីដ៏តឹងតែងលើប្រទេសកោះដែលគ្រប់គ្រងដោយរបបកុម្មុយនីស្ត និងជាគូអរិដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានរិះគន់សេចក្តីប្រកាសរបស់លោក Rubio ដោយហៅវាថា ជា «ការធ្វើពុំសមហេតុផល»៕