
ដោយដកស្រង់សម្តីពីលោក Tom Homan អ្នកទទួលបន្ទុកបញ្ហាព្រំដែន និងអន្តោប្រវេសន៍របស់សភា សារព័តមាន Washington Post កាលពីថ្ងៃសុក្រ (ទី៣១ ខែមករា) បានរាយការណ៍ថា បើតាមការរំពឹងទុក សហរដ្ឋអាមេរិកនឹងចាប់ផ្តើមផ្លាស់ជនអន្តោប្រវេន៍ទៅកាន់កន្លែងឃុំឃាំង នៅឯមូលដ្ឋានទ័ពជើងទឹកអាមេរិក Guantanamo Bay ប្រទេសគុយបា ក្នុងរង្វង់រយៈពេល ៣០ថ្ងៃ។
គួរបញ្ជាក់ថា ទីតាំងនេះត្រូវបានប្រកាសជាលើកដំបូងដោយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធកណ្ដាលសប្ដាហ៍នេះ។
លោក Homan បានប្រាប់សារព័ត៌មានថា៖ «សង្ឃឹមថា ក្នុងរយៈពេល ៣០ថ្ងៃ យើងនឹងចាប់ផ្តើមផ្លាស់អ្នកទាំងនោះទៅកាន់ទីនោះ»។ ជាមួយគ្នានេះ លោក Homan បានបន្ថែមថា រូបលោកគ្រោងនឹងធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពជើងទឹកអាមេរិក នៅឯ Guantanamo Bay នេះ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីត្រួតពិនិត្យការសាងសង់កន្លែងដែលត្រូវបានពន្លឿន ដើម្បីឲ្យរួចរាល់។

យ៉ាងណាក្ដី បើយោងតាមសារព័ត៌មាន Washington Post ដដែល បានឲ្យដឹងបន្ថែមថា បើទោះបីជាលោក Trump បាននិយាយថា ទីកន្លែងនេះនឹងផ្ទុកជនអន្តោប្រវេសន៍រហូតដល់ ៣០.០០០នាក់ក៏ដោយ ក៏លោក Homan បានប្រាប់ថា ពួកគេប្រហែលជាចាប់ផ្តើមជាមួយនឹងចំនួនតិចតួចប៉ុណ្ណោះ៕