សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការអបអរសាទរប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលឈរលើកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុតលើពិភពលោក ក្នុងចំណោមគោលដៅល្បីៗបំផុតទាំង៣២ ដែលត្រូវបានចាត់ថ្នាក់ដោយសារព័ត៌មានអាមេរិក U.S. News & World Report។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ សូមអញ្ជើញមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ដែលជារមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏ទាក់ទាញសម្បូរបែប ជាអតីតមជ្ឈមណ្ឌលអរិយធម៌ខ្មែរបុរាណដ៏អស្ចារ្យ។
សូមរម្លឹកថា «ប្រាសាទអង្គរវត្ត» កាលពីឆ្នាំ២០២៤ ក៏បានជាប់ជាទីតាំងដ៏ល្អបំផុតចំណាត់ថ្នាក់លេខ១ សម្រាប់មើលថ្ងៃរះ នៅអាស៊ីអាគ្នេយ៍ និងពិភពលោកផងដែរ។ នេះបើយោងតាមគេហទំព័រ Mornings.co.uk។
តាមរយៈគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ “ថ្ងៃរះ” ក្នុងចំណោមប្រទេសប្រមាណ ៧២ នៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងចាត់ទុកថាជាកន្លែងដែលល្អបំផុតសម្រាប់ការមើលថ្ងៃរះ។ ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ឬហៅថា សមរាត្រី (Equinox) តែងតែកើតមាន ២ដងក្នុងមួយឆ្នាំ លើកទី១ នៅខែមីនា និងលើកទី២ នៅខែកញ្ញា។ ព្រឹត្តិការណ៍ថ្ងៃរះនៅប្រាសាទអង្គរវត្តដ៏អស្ចារ្យនេះ បានធ្វើឱ្យអ្នកទស្សនាដោយផ្ទាល់ស្ងើចសរសើរមិនដាច់ពីមាត់ នូវភាពស្រស់ស្អាតនៃធម្មជាតិជះពន្លឺមាសមកលើកំពូលប្រាសាទអង្គរវត្ត។
រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ គឺជាអតីតរាជធានីខ្មែរនាសម័យអង្គរជាង ៦០០ ឆ្នាំ (ស្រីយសោធរបុរៈ) ជាមជ្ឈមណ្ឌលអរិយធម៌ខ្មែរបុរាណដ៏រុងរឿង និងជាបេះដូងនៃមហាអំណាចកម្វុជទេសៈដ៏ធំធេង ដែលប្រៀបដូចជាទេពមហានគរនាអតីតកាល ខណៈបច្ចុប្បន្នពិភពលោកបានចាត់ទុកថាតំបន់រមណីយដ្ឋានអង្គរ គឺជាមហាសាសនាដ្ឋានធំជាងគេបំផុតនៅលើពិភពលោក គឺធំជាងសាសនាដ្ឋាននៅឥណ្ឌា អេហ្ស៉ីប ក្រិក រ៉ូម ចិន អឺរ៉ុប ឥណ្ឌូណេស៉ីជាដើម។
ចាប់ពីឆ្នាំ១៩៩២មក ប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានអង្គរបានក្លាយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ព្រមទាំងបានជំរុញឱ្យពិភពលោកចូលរួមបង្កើនការការពារ និងផ្សព្វផ្សាយកាន់តែទូលំទូលាយ។ ក្នុងមួយឆ្នាំៗ តំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិមួយនេះបានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជា៕









