កងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ចេញម៉ាស៊ីនបូមទឹកជាង៣០គ្រឿង កម្លាំងជាងមួយរយនាក់ និងសម្ភារៈជាច្រើនទៀត ចុះអន្តរាគមន៍ជួយបូមទឹកសង្រ្គោះស្រូវប្រាំងពលរដ្ឋនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ខណៈស្រូវប្រាំងរបស់ប្រជាកសិករចំនួនបីឃុំ នៃស្រុកចន្ទ្រា រាប់ពាន់ហិកតាជិតផុតដង្ហើមដោយសារគ្មានទឹកស្រោយស្រពគ្រប់គ្រាន់នោះ។
ថ្លែងប្រាប់ទូរទស្សន៍ BTV ក្រោយកិច្ចប្រជុំក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្រ្គោះបន្ទាន់ និងស្តារឡើងវិញ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានឲ្យដឹងថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បទបញ្ជារបស់រដ្ឋមន្រ្តី ក្រសួងការពារជាតិ ក៏ដូចជាអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុនៃក្រសួងការពារជាតិនោះ កងពលតូចបានត្រៀមសម្ភារៈគ្រប់យ៉ាងដើម្បីជួយអន្តរាគមន៍ស្រូវប្រាំងពលរដ្ឋដែលរងគ្រោះដោយសារធម្មជាតិ ពោលគឺខ្វះទឹក ដោយជំហ៊ានដំបូងដែលកងពលបញ្ជូនទៅអន្តរាគមន៍ចាប់ពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គឺស្ថិតនៅស្រុក ចន្ទ្រា ខេត្តសាយរៀង។
បើតាមលោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបញ្ជាក់ថា«កងពលតូចដឹកជញ្ជូនលេខ៩៩ដឹក នាំកម្លាំង១៥០នាក់ ម៉ាស៊ីនបូមទឹកតូចធំជាង៣០គ្រឿង ចប បង្គី និងសម្ភារៈជាច្រើនចុះជួយអន្តរាគមន៍បូមទឹក និងទប់ភ្លឺស្រែរបស់ពលរដ្ឋនៅឃុំចំនួនបី នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង ខណៈស្រូវប្រាំងរបស់បងប្អូនប្រជាកសិកររាប់ពាន់ហិកតាកំពុងខ្វះទឹកស្រោយស្រពនោះ»។
លោកឧត្តមសេនីយ៍ ហ៊ុល សំអុន បានលើកឡើងទៀតថា កងពលតូចដឹកជញ្ជូនលេខ៩៩ គ្មានការរុញរានោះឡើយក្នុងការចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋដែលរងគ្រោះ គ្រោះមហន្តរាយផ្សេងៗ មិនថា គ្រោះទឹកជំនន់ រាំងស្ងួត និងបញ្ហាផ្សេងៗ គឺកងពលនឹងចុះជួយគ្រប់កាលៈទេសៈទាំងអស់មិនថាយប់ ឬថ្ងៃ និងរើសអើងនោះឡើយ ឲ្យតែមានបទបញ្ជាភ្លាមនឹងចុះអន្តរាគមន៍ភ្លាមៗដោយគ្មានបង្អង់យូរនោះទេ។
សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវធ្វើការតាមដានឲ្យជាប់ជាប្រចាំ និងត្រូវត្រៀមជួយអន្តរាគមន៍សង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករឲ្យបានទាន់ពេលវេលា ខណៈប្រជាកសិករខ្លះបានកំពុងសម្រុកធ្វើស្រូវប្រាំងនេះហួសផែនការកំណត់ ហើយតំបន់ខ្លះ អាចនឹងព្រឈមខ្វះទឹកនោះ៕អត្ថបទបាន ចក់









