មនុស្សម្នារាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នាតវ៉ានៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃអាទិត្យ (០២ កុម្ភៈ) ប្រឆាំងនឹងផែនការដាក់កម្រិតលើការធ្វើអន្តោប្រវេសន៍ ដែលស្នើឡើងដោយក្រុមអភិរក្សនិយមរបស់គណបក្សប្រឆាំង និងគាំទ្រដោយបក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ ឬហៅថាបក្ស AfD ស្តាំនិយមជ្រុល។

លោក Friedrich Merz មេដឹកនាំក្រុមអភិរក្សនិយម ដែលត្រូវបានគេរំពឹងថានឹងក្លាយជាអធិការបតីបន្ទាប់របស់អាល្លឺម៉ង់ ក្រោយការបោះឆ្នោតជាតិដែលបានកំណត់នៅថ្ងៃទី២៣ ខែកុម្ភៈ ខាងមុខនេះ បានដាក់សេចក្តីព្រាងច្បាប់មួយជាមួយនឹងការគាំទ្រពីក្រុមស្ដាំនិយមជ្រុល AfD ដោយបំបែកបម្រាមប្រឆាំងនឹងកិច្ចសហប្រតិបត្តិការជាមួយបក្សស្តាំនិយមជ្រុល ដែលធ្វើឱ្យប្រជាជនខឹងសម្បារ។

យោងតាមនគរបាលប៊ែរឡាំងបានឱ្យដឹងថា មនុស្សប្រហែល ១៦០.០០០នាក់ បានប្រមូលផ្តុំគ្នានៅច្រក Brandenburg នៃទីក្រុងប៊ែរឡាំង ជាប់នឹងអគារសភាជាន់ទាប។ ក្រុមបាតុករបានកាន់បដាដែលសរសេរថា "យើងជាជញ្ជាំងភ្លើង គ្មានកិច្ចសហប្រតិបត្តិការជាមួយ AfD" និង "លោក Merz ត្រឡប់ទៅផ្ទះវិញទៅ!"។

សេចក្តីព្រាងច្បាប់អន្តោប្រវេសន៍ ដែលបរាជ័យមិនទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងសភាជាន់ទាបនេះ នឹងដាក់កម្រិតលើការជួបជុំគ្រួសារឡើងវិញសម្រាប់ជនភៀសខ្លួនមួយចំនួន ហើយបានអំពាវនាវឱ្យមានការបដិសេធមនុស្សកាន់តែច្រើននៅព្រំដែន៕