បាល់ទាត់៖ លីគកំពូលកម្ពុជានឹងបន្ដការប្រកួតសប្ដាហ៍ទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកាស្អែកនេះដែលប្រជុំដោយជំនួបសំខាន់ៗជាច្រើន ពិសេសការប្រកួតរវាងក្រុមភ្នំពេញក្រោនជាមួយក្រុមម្ចាស់ផ្ទះវិសាខា ត្រូវបានអ្នកគាំទ្រចាត់ទុកដូចជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដ្បិតបើសិនក្រុមភ្នំពេញក្រោនឈ្នះ ពួកគេនឹងក្លាយជាជើងឯកដោយស្វ័យប្រវត្តិតែម្ដង។

ជំនួបដ៏ធំរវាងក្រុមទាំងពីរនឹងធ្វើឡើងនៅកីឡដ្ឋានព្រីនស៍នារសៀលថ្ងៃសៅរ៍ស្អែកនេះ ក្រោមការផ្សាយផ្ទាល់ពីក្រុមការងារទូរទស្សន៍ BTV-News។ កាលពីជើងទី១ ក្រុមទាំងពីរបានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ៣-៣ នៅកីឡដ្ឋាន Smart RSN ស្របពេលបច្ចុប្បន្នក្រុមទាំងពីរកំពុងឈរលេខ១ និងលេខ២ ដោយមានពិន្ទុប្រកៀកប្រកិតគ្នា ក្នុងនោះភ្នំពេញក្រោនមាន ៤០ពិន្ទុ និងវិសាខាមាន ៣៨ពិន្ទុ។ ផ្អែកលើលទ្ធផលបណ្ដោះអាសន្នពេលនេះធ្វើឲ្យភ្នំពេញក្រោន និងវិសាខាកំពុងស្រែកឃ្លានជ័យជម្នះរៀងខ្លួនដើម្បីក្ដោបឱកាសប្រជែងពាន ពិសេសភ្នំពេញក្រោនដែលពួកគេត្រូវការឈ្នះដាច់ខាត ដើម្បីធានាកៅអីបេក្ខភាពជើងឯក ពោលគឺបន្ថែមកំណត់ត្រាឈ្នះពានលីគកំពូលកម្ពុជាលើកទី៧ មុនប្រកួតបញ្ចប់រដូវកាលជាមួយបឹងកេត។ តែបើស្មើ ឬចាញ់ក្រុមនីមួយៗនឹងត្រូវចាំអ៊ុតលទ្ធផលការប្រកួតនាសប្ដាហ៍ចុងក្រោយ។
ក្រៅពីនេះក៏មានគូសំខាន់ៗជាច្រើនទៀតផងដែរ ដូចជាក្រុមបឹងកេតត្រូវបើកទ្វារផ្ទះទទួលក្រុមអង្គរថាយហ្គឺរនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ និងក្រុមកងយោធពលខេមរភូមិន្ទប៉ះក្រុមណាហ្គាវើលដ៏ នៅកីឡដ្ឋានស្ដាតចាស់នាម៉ោង ៣៖៣០នាទីរសៀលដូចគ្នា។ រីឯគូ Top-8 មួយប្រកួតទៀតគឺក្រុមព្រះខ័នរាជស្វាយរៀង បើកទ្វារផ្ទះទទួលក្រុមគិរីវង់សុខសែនជ័យនៅកីឡដ្ឋានខេត្តស្វាយរៀងនាវេលាម៉ោង ៦ល្ងាចស្អែកនេះ។ ទន្ទឹមជាមួយគ្នាក៏មានការប្រកួតបញ្ចប់បេក្ខភាពក្រុមចំណាត់ថ្នាក់ ៥ក្រុមបាតតារាងរវាងក្រុមសូលទីឡូអង្គរ និងខេត្តព្រៃវែងដើម្បីកាត់សេចក្ដីរកក្រុមធ្លាក់ទៅលេងក្របខណ្ឌលីគទី២ ផងដែរ គ្រាដែលក្រុមសូលទីឡូអង្គរមានភាគរយតិចបំផុតក្នុងការរក្សាកៅអីលីគកំពូលឆ្នាំក្រោយ ដ្បិតពួកគេមាន ៧ពិន្ទុចាញ់ប្រៀបព្រៃវែង ៣ពិន្ទុ ហើយត្រូវការឈ្នះព្រៃវែងលើសពី ៧គ្រាប់បន្ទាប់ពីពួកគេចាញ់ព្រៃវែង ៦-០ កាលពីជើងទី១៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕